ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា ស្ដ្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ជាពិសេសជាចលករយ៉ាងសំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក ថែរក្សាសុខសន្តិភាព និងជំរុញល្បឿន នៃការអភិវឌ្ឍប្រទេសជាតិ ដូចពាក្យចាស់លោកពោលថា សំណាបយោងដី ស្រីយោងប្រុស ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅថ្ងៃទី៣ ខែមីនានេះ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ជាការពិតណាស់ បុព្វបុរសខ្មែ តាំងពីរសម័យអាណាចក្រនគរ បានឲ្យតម្លៃទីលើស្ដ្រីខ្មែរ ជាអ្នកផ្តល់ពន្លឺសុភមង្គល សម្រាប់គ្រួសារ ដូចពាក្យចាស់លោកពោលថា «សំណាបយោងដី ស្រីយោងប្រុស» ។
លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា បច្ចុប្បន្នកាលើកកម្ពស់ សមភាពយេនឌ័រ គឺជាអាទិភាពមួយនៃ គោលនយោបាយអភិវឌ្ឍន៍ជាតិកម្ពុជា ប៉ុន្ដែកិច្ចការនេះ មិនអាចសម្រេចលទ្ធផលល្អបានឡើយ នៅក្នុងបរិបទដែលប្រទេសមាន សង្គ្រាម អសន្ដិសុខ និងអស្ថិភាពនយោបាយ ។ ពិតណាស់ វឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័ស ក្រោយពីកម្ពុជាទទួលបាន សន្តិភាពពេញលេញ បានផ្ដល់ឱកាសការងារ ដល់ស្ត្រីខ្មែរស្ទើគ្រប់រូប ដែលជួយឲ្យពួកគាត់កាន់តែ មានទំនុកចិត្តលើខ្លួនឯង មានសមត្ថភាពទ្រទ្រង់ជីវភាពគ្រួសារ ហើយថែមទាំងមានលទ្ធភាព កាន់តែច្រើនចូលរួមក្នុងការ សម្រេចចិត្តទាំងក្នុងរង្វង់គ្រួសារ និងក្នុងសង្គម ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃប្រទេសជាតិ ស្ត្រីបានចូលរួមចំណែកយ៉ាងសកម្ម និងយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព និងជំរុញល្បឿននៃការអភិវឌ្ឍប្រទេស ក្នុងចំណោមស្ត្រីពេញវ័យនៅកម្ពុជា មានចំនួន ៧៩% បានចូលរួមក្នុងកម្លាំងពលកម្ម បម្រើការងារតាមស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជន ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ កម្ពុជាបានចញ្ជូនកម្លាំងចូលរួម បេសកកម្មថែរក្សាសន្ដិភាព អ.ស.ប សរុប ៦៥៥៦នាក់ ក្នុងនោះមានស្ដ្រី ៣៣៨នាក់។ ជាមោទនភាពសម្រាប់យើង ក្នុងតំបន់អាស៊ាន កម្ពុជាឈរលេខរៀងទី៣ នៃប្រទេសដែលបានបញ្ជូនកម្លាំងមួកខៀវ ចូលរួមក្នុងបេសកកម្ម ថែរក្សាសន្ដិភាពរបស់ អ.ស.ប និងស្ថិតក្នុងលេខរៀងទី២ នៃប្រទេស ដែលបានបញ្ជូនកងកម្លាំងជានារី»។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងកិច្ចការនារី ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី ដោយចាត់ទុកថា ជាការងារយុទ្ធសាស្ដ្រអាទិភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ អភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចជាតិ ក្រោមវចនា «ជួយស្ដ្រីគឺជួយខ្លួនឯង»។
លោកឧបនាយករដ្ឋមន្ដ្រី សង្កេតឃើញថា មិនខុសពីស្ថាប័នឯទៀតដែរ ក្នុងចំណោមជួរអ្នកដឹកនាំកាន់តែខ្ពស់ គឺអត្រាស្ត្រីជាអ្នកដឹកនាំកាន់តែទាប ។ ដោយឡែកគូស្វាមីភរិយា ជាមន្ត្រីក្រសួងការបរទេសដូចគ្នា ក្រសួងនឹងខិតខំសម្រួលឲ្យអ្នកទាំងពីរ បានធ្វើការនៅប្រទេសតែមួយ ឬក៏នៅប្រទេសជិតគ្នា ដើម្បីដោះស្រាយផលវិបាក នៃការរស់នៅបែកគ្នា ។
សូមរំលឹកថា បច្ចុប្បន្នក្នុងចំណោម មន្ដ្រីក្រសួងការបរទេសចំនួន ៧២៧នាក់ មានមន្ដ្រីរាជការជាស្ដ្រីចំនួន ២៦១នាក់ ស្មើនឹង ៥៣% ៕ ដោយ៖ ខា ដា






