ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីផ្ដល់អនុសាសន៍ មួយចំនួនដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ជាតិខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ មួយចំនួនដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ដការងារអភិរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ រូបី និងអរូបី ប្រកបដោយតម្លាភាព។ 

ក្នុងពិធី អបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាល ពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់  រួមមាន ៖

ទី១-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់រយឆ្នាំនៅតាម មូលដ្ឋាននៅ ទូទាំងប្រទេស ។ 

ទី២-ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ទាំងឡាយរបស់ជាតិដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់ បន្ថែមទៀត ដែលជាឃ្លាំង ចំណេះដឹង ក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ ។

ទី៣-ត្រូវបន្តកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយនូវសក្តានុពល ទេសចរណ៍វប្បធម៌ជាតិឲ្យបានកាន់តែទូលំទូលាយក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ និងកាត់បន្ថយ ភាពក្រីក្រ ។

ទី៤-សូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង ព័ត៌មាន ដែលបានធ្វើឱ្យវិស័យ   ភាពយន្តភាគខ្មែរបាននិងកំពុងមានភាពរីកចម្រើន គួរឱ្យកត់ សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាព- យន្តភាគខ្មែរនាពេល កន្លងមក ។ 

ទី៥-ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសរៀបចំព្រឹត្តិការណ៍វប្បធម៌ ខ្មែរឱ្យបានទៀងទាត់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹង នយោបាយវប្បធម៌ការទូតូ ហើយត្រូវបំផុស ឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំកម្មវិធី ទិវាវប្បធម៌ជាតិ ឱ្យបានអធិកអធម និងទូលំទូលាយ ។

ទី៦-ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដី តាមមូលដ្ឋាននានា ថែរក្សា ការពារនូវប្រពៃណី ទំនៀមទម្លាប់ និង ទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិច ដែលជាផ្នែក មួយនៃវប្បធម៌ដ៏យូរលង់របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធភាព ។

ទី៧-ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេសជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃ វប្បធម៌ចាស់ៗយកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត ។

ទី៨-អំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេស បងប្អូនកូនក្មួយសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត។

និងទី៩-កោតសរសើរចំពោះការចូលរួម របស់សប្បុរសជនមួយចំនួន ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែក ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សប្រាសាទ និងព្រះវិហារបុរាណមួយចំនួននាពេលកន្លងមក។

ដើម្បីឲ្យវប្បធម៌ជាតិដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ និងជាឧបករណ៍ សម្រាប់កិច្ចសន្ទនា ការផ្សះផ្សា សង្គមនិងជាស្ពាននៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិ មួយទៀតកាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញនៅ បណ្តាឆ្នាំក្រោយៗទៀត សម្តេចតេជោ ហ៊ុន សែន ណែនាំមួយចំនួន ដូចជា ៖ 

ទី១- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង- ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា។

ទី២-ត្រូវបន្តនិងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាម រយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជន នៅតាម វិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹង គុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស ។

To Top