ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីដាក់ បទបញ្ជាមិនឲ្យជនជាតិ សិង្ហបុរីម្នាក់ចូលស្រុកខ្មែរនិងដកតំណែង មន្រ្តីពាក់ព័ន្ធការប្រមាថរបាំព្រះរាជទ្រព្យ (វីដេអូ)

នាយករដ្ឋមន្រ្តី ប្រតិកម្មខ្លាំងៗ ចំពោះសកម្មភាព ក្រុមសិល្បៈរបាំព្រះរាជទ្រព្យ

នាយករដ្ឋមន្រ្តី ប្រតិកម្មខ្លាំងៗ ចំពោះសកម្មភាព ក្រុមសិល្បៈរបាំព្រះរាជទ្រព្យ ទៅសម្ដែងនៅសិង្ហបុរី ខុសពីទម្រង់ដើមរបស់ខ្មែរhttps://dap-news.com/national/2020/03/03/37265/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 3 មីនា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធមួយចំនួនទៀតត្រូវហាមឃាត់ បុរសជនជាតិសិង្ហបុរីម្នាក់មិនឲ្យចូលស្រុកខ្មែរ ក្រោយបុគ្គលរូបនេះប្រមាថ របាំព្រះរាជទ្រព្យខ្មែរតាមរយៈការរៀបចំ ឲ្យក្រុមសិល្បៈរាំរបាំព្រះរាជទ្រព្យខ្មែរសម្ដែងនៅពីក្រោយខ្លួនក្នុងពិធីបួងសួង មួយកន្លែងនាប្រទេសសិង្ហបុរី។

ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នករបាំព្រះរាជទ្រព្យរបស់ខ្មែរ មួយក្រុមបានទៅសម្ដែងនៅសិង្ហបុរី ហើយកន្លែងសម្ដែងនោះ ខុសពីកន្លែងសម្ដែងសម្រាប់ទម្រង់នៃសិល្បៈបុរាណខ្មែរ។

តាមអ្វីដែលសម្ដេចតេជោមើល ឃើញគេចាត់ទុកថា ជាពិធីនៃការបួងសួង ដើម្បីសុំសេចក្ដីសុខសម្រាប់កម្ពុជា។

សម្ដេច មានប្រសាសន៍ថា “លោកគ្រូឱមអាមរបស់សិង្ហបុរីម្នាក់ ភាសាចិនហៅថា គ្រូហុងស៊ុយ បែរជាយករបាំព្រះរាជទ្រព្យខ្មែររាំនៅពីក្រោយលោកគ្រូឧមអាមទៅវិញ នេះបានសេចក្ដីថា របាំងខ្មែរគ្មានតម្លៃសោះ។ខ្ញុំស្នើឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់វិធានការទាំងនេះ។ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាល ខ្ញុំមិនអាចទទួលយកបានឡើយ”។

សម្ដេចរៀបរាប់ថា សូម្បីព្រះមហាក្សត្រខ្មែរ ក៏មិនដែលឃើញធ្វើបែបនេះឡើយ។

សម្ដេចថា របាំខ្មែរទាំងអស់ត្រូវបានសម្ដែងបែរមុខរកព្រះភ័ក្ដ្រព្រះមហាក្សត្រ ឬប្រមុខរដ្ឋាភិបាល។

សម្ដេចថា បញ្ហាទាំងនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ដែលប្រជាជនខ្មែរមិនអាចទទួលយកបានឡើយ ចំពោះទង្វើរបស់លោកគ្រូហុងស៊ុយម្នាក់នោះ។

សម្ដេចបញ្ជាក់ថា “ថ្ងៃនេះខ្ញុំដាក់បទបញ្ជាឲ្យក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ ហាមឃាត់ លោកគ្រូឱមអាម (គ្រូហុងស៊ុយ) ម្នាក់នេះរស់នៅសាំងហ្គាពួរ (សិង្ហបុរី) មិនឲ្យចូលស្រុកខ្មែរតទៅទៀត។ប្រសិនបើលោកគ្រូម្នាក់នោះ សុំទោសរាជរដ្ឋាភិបាលកម្ពុជា និងសុំទោសរាជវង្សានុវង្សកម្ពុជា អាចនឹងបើកឱកាសលោកគ្រូម្នាក់នេះចូលប្រទេសកម្ពុជា”។

ជាងនេះទៅទៀត សម្ដេចតេជោចោទសួរថា ហេតុអ្វីបានជាយកសិល្បៈបុរាណខ្មែរ ទៅធ្វើពិធីបួងសួងបែបនេះដោយឲ្យលោកគ្រូហុងស៊ុយម្នាក់នោះ នៅមុខសិល្បៈបុរាណខ្មែរ។តើសមហេតុ សមផលទេ នៃតម្លៃសិល្បៈខ្មែរ ដូច្នេះ ភាគីពាក់ព័ន្ធ ត្រូវរកលោកគ្រូហុងស៊ុយម្នាក់នោះឲ្យឃើញ។

សម្ដេចថា សិល្បៈរបស់ជាតិខ្មែរ គឺជារបស់ប្រជាជាតិខ្មែរ មិនមែនជារបស់រាជវង្សានុវង្ស អង្គណាមួយឡើយ គឺជារបស់ខ្មែរទាំងអស់គ្នា។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមិនអាចយកសិល្បៈខ្មែរទៅធ្វើការបួងសួងនៅក្រៅប្រទេសក្រោមហេតុផលថា បួងសួងឲ្យកម្ពុជាឡើយ បើសិនត្រូវការបួងសួងឲ្យកម្ពុជាត្រូវរកទីតាំងឲ្យសមរម្យ។

សម្ដេចថា បញ្ហានេះមិនមែនជាជម្លោះរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយ សិង្ហបុរីឡើយ។

សម្ដេចថា “នេះមិនមែនជាជម្លោះរាជរដ្ឋាភិបាលកម្ពុជាជាមួយ សាំងហ្គាពួរទេ (សិង្ហបុរី)។ក៏ប៉ុន្ដែជនជាតិសាំងហ្គាពួរម្នាក់បានធ្វើទង្វើបែបនេះដោយមានការរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួន រាប់ទាំងបុគ្គលមួយចំនួន ហើយថ្ងៃនេះ ខ្ញុំបានចេញអនុក្រឹត្យដកចេញពីតំណែង ដែលជាជំនួយការរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី។មិនអាចឲ្យគេប្រមាថ រាជវង្សានុវង្សខ្មែរ តាមរយៈហ្វេសប៊ុកនោះទេ”។

ជាការកត់សម្គាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក យាង វណ្ឌី ពីជំនួយការលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានឋានៈស្មើប្រធាននាយកដ្ឋាន។

ឆ្លៀតឱកាសនោះដែរ នាយរដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានដាក់បទបញ្ជា ឲ្យក្រសួងវប្បធម៌ ធ្វើការពង្រឹងវិស័យសិល្បៈជាតិរបស់ខ្មែរ ឲ្យបានគង់វង្ស។

សម្ដេចយល់ស្របឲ្យសិល្បៈខ្មែរទៅសម្ដែងនៅក្រៅប្រទេស ក្នុងវេទិការធំៗ ក្នុងកម្រិតថ្នាក់អន្ដរជាតិ ប៉ុន្ដែមិនត្រូវធ្វើឲ្យសិល្បៈខ្មែរ “ក្នុងកម្រិតថោកទាប នោះទេ”។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែនក៏បានអំពាវនាវឲ្យសិល្បៈខ្មែរត្រូវរក្សានូវតម្លៃនៃសិល្បៈវប្បធម៌របស់ជាតិដោយខិតខំធ្វើយ៉ាងណារក្សានៅរបៀបរបបទម្រង់របស់ជាតិ។

សម្ដេច ក៏សូមអង្វរករដល់សិល្បៈខ្មែរជាស្ដ្រី កុំស្លៀកពាក់សិចស៊ីហួសហេតុធ្វើឲ្យខូចតម្លៃស្ដ្រីខ្មែរ ត្រូវរក្សាតម្លៃជាតិខ្មែរ។ជាពិសេស កុំជេរប្រមាថគ្នាតាមហ្វេសប៊ុក បើមានបញ្ហាអ្វីត្រូវដោះស្រាយតាម នីតិវិធីច្បាប់ព្រោះភាពយន្ដខ្មែរកំពុងមានការវិវត្តន៍យ៉ាងលឿន តាមរយៈក្រសួងព័ត៌មាន បានកំណត់ម៉ោងមាស ដូច្នេះ គ្រប់ទូរទស្សន៍ បានខិតខំផលិតភាពយន្ដយ៉ាងច្រើន ដើម្បីបំពេញតម្រូវការអ្នកទស្សនា ព្រមទាំងអ្នកដាក់ពាណិជ្ជកម្មផងដែរ។

ជុំវិញបញ្ហាជំងឺកូរ៉ូណាប្រភេទថ្មី សម្ដេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យ“និស្សិត សិស្ស សិល្បករ ក្លាយទៅជាសកម្មជន ដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនូវមេរោគ កូវីដ១៩ ឬហៅថា កូរ៉ូណាថ្មី។ធ្វើយ៉ាងយើងខិតខំការពារជំងឺនេះ ដែលមកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ”។

សម្ដេចបន្ថែមថា សិល្បករខ្មែរ ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយសម្ដេចសង្ឃឹមថា សិល្បករខ្មែរនឹងក្លាយជាសកម្មជន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ៕ដោយ ៖ អេង ប៊ូឆេង

To Top