ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ទោះបីគ្មានបក្សប្រឆាំង ក៏រាជរដ្ឋាភិបាល មិនជិះសេះលែងដៃ នោះទេ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីគ្មានគណបក្សប្រឆាំង ក៏រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវជិះសេះលែងដៃឡើយ ត្រូវមានវិធានការទប់ស្កាត់ គ្រប់បាតុភាព មិនប្រក្រតីគ្រប់ពេលវេលា ។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «យើងមិនត្រូវភ្លេចៗទេថា ឥឡូវអត់មានបក្សប្រឆាំង អត់មានអីចឹង យើងជិះសេះលែងដៃអាហ្នឹង ទស្សនៈបែបនេះខុសហើយ” ។

សម្ដេចបន្ដថា គោលការណ៍នាពេលនេះ ត្រូវប្រឆាំងចលនាទាំងអស់ ដែលអាចប៉ះពាល់ដល់សន្ដិភាពជាតិ ។ សម្ដេចលើកឧទាហរណ៍ ការបង្កើតកម្លាំង ប្រដាប់អាវុធដោយខុសច្បាប់ ឬចលនាធ្វើអស្ថេរភាព ដើម្បីឈានផ្ដួលរំលំរាជរដ្ឋាបាល ស្របច្បាប់ តាមរយៈបដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំង ជាដើមត្រូវមានវិធានការ គ្រប់ពេលវេលាផងដែរ ។

បន្ថែមពីនេះ សម្ដេចរំលឹកថា ព្រឹតិ្តការណ៍ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្រុមទណ្ឌិត សម រង្ស៊ី ដែលមានគម្រោង ចូលស្រុកខ្មែរវិញ ត្រូវបានបរាជ័យ ដោយពួកគេ មិនអាចធ្វើអ្វីបានឡើយ ។សម្ដេចថា ក្រុមទណ្ឌិត សម រង្ស៊ី ចូលមកថ្ងៃទី៩ វិច្ឆិកា មិនមែនដូចឆ្នាំ២០១៣ ឡើយ គឺមកដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ។

ដើម្បីឲ្យសមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដឹងកាន់តែច្បាស់ សម្ដេចក្រឡាហោម ស ខេង បានឲ្យលើកឡើងថា «ការធ្វើឲ្យបាត់ស្ថេរភាព ឬមួយក៏បដិវត្តន៍ពណ៌ វាមិនមែនមកតែពីម្ខាងទេ មកពីអ្នកមានបំណងផ្ដួលរំលំយើងទេ ។ ជួនអីយើង ធ្វើដោយមិនដឹងខ្លួន ។ ឧទាហរណ៍ថា ដោះស្រាយទំនាស់ដីធ្លី យើងយកកម្លាំងទៅបង្ក្រាប ដោះស្រាយបទ ល្មើសព្រៃឈើ ដែលជួនអីប្រជាជនគ្រាន់តែដឹកនឹងរទះ មួយគោ ឬពីគោ យើងចាប់ អ្នកកាប់ដឹកទាំងឡានៗ យើងអត់ចាប់ យើងឧទាហរណ៍អីចឹង” ៕

ដោយ ៖ អេង ប៊ូឆេង

To Top