ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់

ពោធិ៍សាត់ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូ ឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្តបង្កមួយគ្រឿងបុក បណ្តាលអោយស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២០ ស្ថិតនៅចន្លោះបង្គោល គីឡូម៉ែត្រលេខ១៦៤-១៦៥ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តទេសចរណ៍ បានបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខពោធិ៍សាត់ 2C-2056 បើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយមិនប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ដែលកំពុងបើកបរយ៉ាងលឿននោះ បុកចំពេញទំហឹង បណ្តាលអោយជនរងគ្រោះ ដែលជិះម៉ូតូឆ្លងថ្នល់នោះ ស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុតែម្តង។

បើតាមមន្ត្រីនគរបាល បានអោយដឹងថា ជនរងគ្រោះមានឈ្មោះប៉ាត ប៉ែន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រោយការវាស់វែង ពីមន្ត្រីនគរបាលជំនាញ សពជនរងគ្រោះ ត្រូវបានប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កនិងម៉ូតូ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការដោះស្រាយ ទៅតាមនីតិវិធី៕

To Top