ព័ត៌មានជាតិ

ពិព័រណ៍រូបថត DMC Photo Fest 2020 ឆ្នាំ២០២០នេះ មាន៩ប្រធានបទ ឆ្លុះបញ្ចាំងពីស្ថានភាពសង្គមបច្ចុប្បន្ន

ភ្នំពេញ៖ និស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានប្រារព្ធរៀបចំពិធីតាំងពិព័រណ៍រូបថត របស់ខ្លួន លើកទីពីរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង៥:០០ល្ងាច នៅពេលខាងមុខនេះ ដែលស្ថិតក្នុងបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំនិងផលិតរូបភាព ដោយក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ ក្រោមការដឹកនាំរបស់លោក ផន ភារិទ្ធ (Miller) ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់ ។

ក្នុងឱកាសសន្និសិទសារព័ត៌មាន ស្ដីពី ពិធីសម្ពោធពិព័រណ៍រូបថត DMC Photo Fest 2020 លើកទី២ លោក ផន ភារិទ្ធ ដែលជាគ្រូបង្រៀនថតរូប នៃដេប៉ាតឺម៉ង់ផ្ទាល់ បានឲ្យដឹងថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីដាក់តាំងបង្ហាញរូបថតរបស់និស្សិត បន្ទាប់ពីពួកគេបានសិក្សាអំពីរបច្ចេកទេសថតរូបមួយឆមាសរួចមក។ គ្រប់រូបថតដែលនឹង តាំងនោះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំង ពីការខិតំប្រឹងប្រែងរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងឆ្លុះបញ្ចាំងពីស្ដានភាព សង្គមនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា “យើងប្រើរូបភាពជំនួសវិដេអូ ជាសារដើម្បីពញ្ញាក់អារម្មណ៍អ្នកទស្សនាពីសកម្មភាព ដែលពួកគាត់ជួបប្រទះរាល់ថ្ងៃ ។ បើទោះបីស្នាដៃរបស់និស្សិតមិនសូវជាល្អ ដូចអ្នកថតរូបអាជីពក៏ដោយ ក៏យើងបានព្យាយាមសម្រិតសម្រាំងឲ្យស្នាដៃ ទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថតមានលក្ខណៈ ជាស៊េរីបណ្តាក់ទៅតាមសាច់រឿងដើម្បីឲ្យអ្នក ចូលរួមទស្សនាបានយល់”។

ចំណែក លោក អុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា ការតាំងពិព័រណ៌រូបថត DMC Photo Festival នេះ បានផ្សារភ្ជាប់ទ្រឹស្តីរបស់និស្សិត ទៅនឹងការអនុវត្តជាក់ស្ដែង ក្នុងន័យលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើរបស់និស្សិត្ត DMC ផ្ទាល់។ លោកបន្ថែមថា ដេប៉ាតឺម៉ង់ ក៏ចង់ឲ្យជំរុញឲ្យនិស្សិតយកឱកាសនេះសិក្សាស្រាវជ្រាវ ពីបញ្ហាប្រឈម ក៏ដូចជាវឌ្ឍនភាពនានាក្នុងសង្គម ហើយយកមកឆ្លុះបញ្ចាំងតាមរយៈជំនាញដែលខ្លួនបានសិក្សាកន្លងមក។

លោកបានអះអាងថា “តាមរយៈការតាំងពិព័រណ៍រូបថតនេះសាធារណៈជនក៏មានឱកាសបានដឹងឮ ក៏ដូចជាយល់ដឹងពីរឿងរ៉ាវសង្គមទាំងនោះ និងចូលរួមជាផ្នែកមួយនៃដំណោះស្រាយ ព្រោះថាពួកគេក៏ជាផ្នែកមួយនៃរឿងរ៉ាវសង្គមទាំងនោះដែរ”។

ទាក់ទិននឹងការពិព័រណ៍រូបថត DMC Photo Fest 2020 ឆ្នាំ២០២០នេះ កញ្ញា សុខ ស្រីលុច ជានិស្សិតឆ្នាំទីពីរ និងជាផលិតករម្នាក់ បាននិយាយថា “ពួកយើងបានខិតខំប្រឹងប្រែងយ៉ាង ខ្លាំងបើទោះបីពេលខ្លះត្រូវហាលថ្ងៃ ចុះទូកកណ្ដាលទន្លេ និងត្រូវចុះទៅទីតាំងឆ្ងាយៗក៏ដោយ ក៏យើងនៅទ្រាំដើម្បីបានរូបមួយៗ”។ កញ្ញាសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍រូបថតលើកទីពីរ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅពេលខាងមុខនេះ នឹងមានអ្នកចូលរួមគាំទ្រច្រើន។

គួរបញ្ជាក់ថា ពិព័រណ៍រូបថតលើកទីពីរនេះ នឹងផ្ដោតសំខានទៅលើប្រធានបទចំនួន៩ ដែលខុសពីការរៀបចំកាលពីឆ្នាំកន្លងទៅ ដែលមានប្រមាណតែ៣ប្រធានបទតែប៉ុណ្ណោះ។ ប្រធានបទ ទាំង៩នោះរួមមាន៖
១/ ចំណែកមួយនៃទីក្រុង បង្ហាញពីជីវិតប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដែលរស់នៅនិងប្រកបរបរនេសាទត្រីនៅលើទន្លេចតុមុខ
២/ ឯកសណ្ឋានយើង អត្តសញ្ញាណយើង បង្ហាញពីឯកសណ្ឋានរបស់ប្រជាពលរដ្ឋខ្មែរទៅតាមការងារ និងមុខរបររបស់ពួកគាត់
៣/ ម្ហូបយើង អត្តសញ្ញាណយើង បង្ហាញអំពីរបៀបធ្វើនំបញ្ចុកខ្មែរ របស់ប្រជាជននៅតាមបណ្ដាខេត្ត
៤/ ជីវិត៣សម័យកាល បង្ហាញពីការរស់នៅ និងការស្លៀកពាក់ពលរដ្ឋខ្មែរសម័យអាណានិគមបារាំង សម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ន
៥/ I Am Social Midia បង្ហាញពីឥទ្ធិពលនិងផលប៉ះពាល់ដោយប្រយោល របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅលើអ្នកប្រើប្រាស់
៦/ ក្រោមលោកតែមួយ វាសនាខុសគ្នា បង្ហាញពីជីវិតកុមាររស់នៅក្នុងស្ថានភាពលំបាក ខណៈកុមារផ្សេងទៀតរស់នៅក្នុងភាពសុខស្រួល
៧/ តើសំរាមមកពីណា? បង្ហាញពីប្រភពនៃសំរាមដែលកាន់តែមានបរិមានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ
៨/ នាដកាតូច រៀបរាប់ពីកុមារីម្នាក់ ដែលខិតខំប្រឹងហាត់របាំទាំងខ្លួនទើបតែអាយុ៥ឆ្នាំ ខណៈគ្រួសារមានជីវភាពក្រីក្រ ដើម្បីក្លាយជានាដការបាំបុរាណខ្មែរ នៅពេលអនាគត
៩/ គេចពីភពងងឹត ការគ្រប់គ្រងដោយអន្ធការងងឹត ការគិតខ្លី ការបាក់ទឹកចិត្ត ភាពស្មុគស្មាញ ក្នុងជីវិតនិងដំណោះស្រាយពីភាពអន្ធកាលទាំងអស់នោះ។

សូមរំលឹកផងដែរថា ការតាំងពិព័រណ៍រូបថតនេះ មានរយៈពេល៣២ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០ និងបើកឲ្យចូលរួមទស្សនា ដោយសេរី នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ បន្ថែមលើនេះនៅក្នុងរយៈពេលបួនសប្តាហ៍ នៃការដាក់តាំងរូបថតនេះ ក៏មានសិក្ខាសាលាប្រចាំសប្ដាហ៍ ដែលមហាជនអាចចូលរួមបាន។ សិក្ខាសាលាប្រចាំសប្ដាហ៍ ទាក់ទងនិងប្រធានបទ ដូចជាគន្លឹះក្នុងការថតរូបបែបអាជីវកម្ម កិច្ចពិភាក្សាលើអាជីវកម្មនៃអ្នកថតរូប ការណែនាំឲ្យស្គាល់ ក្បាច់បាតនៃរបាំខ្មែរ និងបឋកថា ទាក់ទងនឹងសុខភាពផ្លូវចិត្តជាដើម ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់យើង (DMC Photo Festival) ឬតាមរយៈទូរស័ព្ទលេខ… 096 655 64 19 / 078 94 35 77

To Top