ព័ត៌មានជាតិ

TYDA សហការ ជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរចុះយុទ្ធនាការ ប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង អប់រំសុខភាព ដើម្បីការពារជំងឺឆ្លង

ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយ នឹងក្រសួងសុខាភិបាល គណៈពង្រឹងចុះជួយ ស្រុកគៀនស្វាយ និងអាជ្ញាធរធរ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រុមការងារចុះសហគមន៍ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឆ(TYDA) បានចុះយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង អប់រំសុខភាព អនាម័យ រាង្គកាយប្រឆាំងការរីករាលដាល នៃជំងឺឆ្លងដោយវីរុស Covid-19 នៅឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល នៅចុងសប្ដាហ៍នេះ។

វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ ស៊ឹម សុខចាន់ ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាព នៃសមាគមTYDA បានមានប្រសាសន៍ថា បេសកកម្ម នៃកម្មវិធីអប់រំសុខភាព នៅតាមបណ្ដាសហគមន៍ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ប្រចាំឆ្នាំ២០២០ គឺដើម្បីចូលរួមចំណែកជាមួយ ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹង និងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹង នៃការថែទាំសុខភាព រស់នៅប្រចាំថ្ងៃ
ផងដែរ។

ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺផ្សព្វផ្សាយ
វិធានការដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺឆ្លង Covid-19 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការយល់ដឹងនិងការយកចិត្តទុកដាក់ ការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។

លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយ ណែនាំនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដោយផ្ទាល់ នៅក្នុងឃុំគគីរធំព្រមទាំងបានចែក នូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាព ដើម្បីបញ្ជ្រៀបការយល់ដឹង អំពីការថែទាំសុខភាព តាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹង អំពីគ្រោះថ្នាក់គ្រឿងញៀន ដល់សហគមន៍ ដែលងាយរងគ្រោះនៃគ្រឿងញៀន ជារៀងរាល់ខែផងដែរ៕

To Top