ព័ត៌មានជាតិ

ចិន៖យើងអាចជួយ ដល់ ប្រទេសកម្ពុជា អស់ពីកម្លាំងកាយចិត្តព្រោះការលំបាក ដែលបងប្អូនកម្ពុជាកំពុង ជួបប្រទះជាការលំបាករបស់យើងទាំងអស់គ្នា

ភ្នំពេញ៖ ស្របពេលប្រទេសកម្ពុជា កំពុងប្រឈមការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត បណ្ដាលឲ្យរោងចក្រ មួយចំនួនព្យួរការងារកម្មករនោះលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំ កម្ពុជាមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការ សម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យ វាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។

គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរនៅថ្ងៃទី៩មីនានេះថាក្នុងនាមជា បងប្អូនដែកថែបប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះ វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ 

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្មចិននិងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ 

សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត។

ផ្ទាំងពាណិជ្ជកម្ម

តាមអ្វីដែលបានដឹង ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានាក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។ ក្នុងនោះក្រុមហ៊ុនSITCដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺណឺនឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាពនៃការដាក់ទំនិញចុះនិងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

លោក Wu Guoquanមានប្រសាសន៍ថា យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះបានយ៉ាងឆាប់រហ័ស។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថារដ្ឋាភិបាលចិនសម្រេចបញ្ជូននាវា៧គ្រឿងដើម្បីដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់នៅតាមបណ្ដារោងចក្រក្នុងប្រទេសកម្ពុជាដែលថ្ងៃនេះនឹងមកដល់កំពង់ផែព្រះសីហនុបណ្តើរៗហើយ ៕

To Top