ព័ត៌មានជាតិ

លោក ព្រាប កុលស្នើមន្ត្រីសុខាភិបាល ត្រៀមរថយន្តសង្រ្គោះបន្ទាន់ជួយ អ្នកដួលសន្លប់ដោយខ្យល់គរ

ភ្នំពេញ៖ ក្រោយឃើញមនុស្សមួយ ចំនួនទាំងប្រុស-ស្រីបាន ដួលសន្លប់ដោយសារ អាការៈខ្យល់គរជាច្រើនករណីលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើឲ្យមន្រ្តីសុខាភិបាលត្រៀម រថយន្តសង្រ្គោះបន្ទាន់ ដើម្បីជួយពួកគេ។

លោក ព្រាប កុល បានរៀបរាប់ក្នុងហ្វេសប៊ុកនាថ្ងៃទី៩ មីនា ដោយលើកជាឧទាហរណ៍ថា ករណីមនុស្សដួលសន្លប់ ឬ ប្រកាច់នៅតាមផ្លូវសាធារណៈ ឬនៅខាងមុខអាគារ មួយរយៈចុងក្រោយបានបង្កការភ័យខ្លាច និងការសន្និដ្ឋានប្រហែលជាអាការនៃជំងឺ COVID 19 ព្រោះរូបភាព ស្រដៀងនេះ ត្រូវបានគេធ្លាប់មើលឃើញនៅទីក្រុងហ្វូហាន ប្រទេសចិន ជាទីកន្លែងកំណើតនៃជំងឺCOVID 19។ 

លោកថា “ខ្ញុំអាចយល់បានអំពីឥរិយាបទប្រយ័ត្នប្រយ៉ែងរបស់ពលរដ្ឋ ខណៈជំងឺប្រភេទនេះ កំពុងតែមានការឆ្លងរាលដាលនៅជុំវញពិភពលោក និងអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិត។ ទោះជាយ៉ាងនេះក្តី ខ្ញុំមានអារម្មណ៍មិនស្ងប់សោះ នៅពេលមនុស្សហាក់មើលនឹងភ្នែក ហើយមិនធ្វើអ្វីម្យ៉ាង ដើម្បីជួយសង្គ្រោះមនុស្ស ដែលស្ថិតក្នុងស្ថានភាពត្រូវការគេសង្គ្រោះបន្ទាន់។  កាយវិការនេះ ផ្ទុយស្រឡះពីអ្វីដែលយើងធ្លាប់ឃើញពីមុន គឺថា កាលនោះ នៅពេលមានមនុស្សមានអាការៈ ដួលសន្លប់ ឬប្រកាច់ មនុស្សរត់ទៅជួយធ្វើចលនាបេះដូង បក់ផ្លិត ឬខ្លះទៀត ខាំកែងជើង (ករណីខ្យល់គ)”។

លោកបន្តថា ប៉ុន្តែគេគួរតែទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ រថយន្តអាំប៊ុយឡង់ គឺរថយន្តសង្រ្គោះបន្ទាន់ ឬលេខ ១១៥ ដើម្បីផ្តល់ដំណឹង ឬធ្វើអ្វីម្យ៉ាង ជំនួសឲ្យការមើលរំលង ធ្វើព្រងើយ និងថតរូប ឬថតវីដេអូ មើលមនុស្សកំពុងត្រដខ្យល់។ 

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លើកឡើងថា “ខ្ញុំសូមស្នើដល់មន្ត្រីសុខាភិបាល សូមត្រៀមរថយន្ត អាំប៊ុយឡង់ (រថយន្តសង្គ្រោះ) បន្ថែម និងធ្វើការផ្សព្វផ្សាយលេខ ទំនាក់ទំនងឲ្យបានទូលំទំលាយ ដើម្បីឆ្លើយតបទៅនិងស្ថានការណ៍បែបនេះ”។

លោកក៏បានស្នើឲ្យពលរដ្ឋរក្សាភាពម្ចាស់ការ ជៀសវាងការភ័យស្លន់ស្លោ ឬបង្កឲ្យមានភាពរំជួល ដែលឥរិយាបទនេះ មិនអាចជួយអ្វីដល់ខ្លួនបាន។ 

ជាមួយគ្នានេះ លោកយល់ថា រាជរដ្ឋាភិបាលកម្ពុជា គួរបង្កើន វិធានការ រឹតបន្តឹង និងត្រួតពិនិត្យ អ្នកធ្វើដំណើរមកពី ឬឆ្លងកាត់ប្រទេស ដែលកំពុងតែមានការរីករាលដានជម្ងឺ COVID 19 ហើយគួរមានវីធានការរឹតត្បិតបន្ថែមជៀសវាងការហូរចូលបន្ថែមនៃជម្ងឺ COVID 19៕

To Top