ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេស ដែលផ្ទុកជំងឺកូវីដ១៩ត្រូវ បានបញ្ជូនមកព្យាបាល នៅភ្នំពេញ

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នេះថាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំដែលមានផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញដោយមានការឯកភាព សមីខ្លួន អង្គការសុខភាពពិភពលោក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា”គឺបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញតាមសំណូមពររបស់សមីខ្លួនដែលជាអ្នកជំងឺ ក្រោមការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក​និងអង្គការCDCរបស់សហរដ្ឋអាមេរិកដោយមានការគាំទ្រពីស្ថានទូតអង់គ្លេស(ប្រចាំកម្ពុជា)ផងដែរ”។

ទាក់ទិនករណីនេះ លោក  យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមក៏បានដឹកនាំកិច្ចប្រជុំរៀបចំវិធានការទប់ស្កាត់ ដោះស្រាយការងារមួយចំនួន និងបញ្ហាប្រឈមដោយសារឥទ្ធិពលនៃ កូរ៉ូណា វីរុស Covid-19

ព្រមទាំងចុះសួរសុខទុក្ខអ្នកជំងឺជាស្ត្រីជនជាតិអង់គ្លេសមានផ្ទុកវីរុស កូរ៉ូណា ឬ Covid-19 ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យខេត្តកំពង់ចាម។

      កិច្ចប្រជុំ ក៏ដូចជាការចុះសួរសុខទុក្ខស្រី្តជនជាតិអង់គ្លេស នោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងតំណាងUSCDC លោក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្រ្តីជំនាញពាក់ព័ន្ធចូលរួមផងដែរ។ សូមគូសបញ្ជាក់ផងដែរថាដើម្បីការពារកុំឲ្យឆ្លងជំងឺ covid-19 លោក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ជាពិសេសត្រូវអនុវត្តតាមការនែនាំរបស់ក្រសួងសុខាភិបាលដែលបាធ្វើការផ្សព្វផ្សាយកន្លងមក។ ហើយបញ្ហាសំខាន់សូមកុំភ្ញាក់ផ្អើលនិងចាញ់បោកទៅតាមព័ត៌មានភូតកុហកដែលធ្វើអោយមានភាពវឹកវក្នុងសង្គម៕

To Top