ព័ត៌មានជាតិ

GMAC អំពាវនាវ ដល់អ្នកបញ្ជា ទិញទាំងអស់ ឲ្យជួយទិញទំនិញ និងកុំបោះបង់កម្ពុជា

ភ្នំពេញ ៖ ក្រោយបណ្ដាប្រទេសមួយចំនួន បានប្រកាសផ្អាក ការបញ្ជាទិញទំនិញពីកម្ពុជា ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩ នោះ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) បានធ្វើការអំពាវនាវ ចំពោះអ្នកបញ្ជាទិញ ដែលជាប់កាតព្វកិច្ច និងជាប់កិច្ចសន្យាទាំងអស់ ឲ្យទទួលទិញទំនិញ របស់កម្ពុជា ដែលបានផលិតរួចហើយ និងត្រូវបន្តទិញតាមកិច្ចសន្យា ដែលខ្លួនបានកំណត់ ដោយទូទាត់ប្រាក់ ទៅតាមលក្ខខណ្ឌជាធម្មតា ។

សូមរលឹកថា កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រកាសផ្អាកទិញទំនិញពីកម្ពុជា មួយរយៈសិន ដោយសារកាជួបប្រទះ នៃការរីករាលដាល ពីជំងឺវីរុសកូវីដ១៩ ។

យោងតាមសេចក្ដីអំពាវនាវ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជាបានឲ្យដឹងថា ការឆ្លងរីករាលដាលជាសកល នៃជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ន បានធ្វើឲ្យមានភាពចលាចល ដល់ជីវិតរស់នៅ និងអាជីវកម្មរបស់ប្រជាពលរដ្ឋ។ដើម្បីជំនះស្ថានភាពដ៏លំបាកនេះ GMAC អំពាវនាវដល់ភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យអាជីវកម្មកម្ពុជា បន្តរស់បាន ។

សេចក្ដីអំពាវនាវបញ្ជាក់ថា “ចំពោះអ្នកបញ្ជាទិញទំនិញទាំងអស់ សូមកុំបោះបង់កម្ពុជា សមាគមសូមជំរុញ អ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួន តាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទួលយការដឹកទំនិញ ដែលបានផលិតរួចហើយនិងទំនិញ ដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រ មានលទ្ធភាព បើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងារសម្រាប់ពួកគេ” ។

សេចក្ដីអំពាវនាវសង្កត់ធ្ងន់ថា ចំពោះរោងចក្រទាំងអស់ ត្រូវរក្សាយកចិតុ្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ ដែលជាវិធានការការពារ នៅកន្លែងការងារ ដើម្បីការពារកម្មករ និងជួយបង្ការទប់ស្កាត់ នៃការរីករាលដាលកូវីដ១៩ ។

សេចក្ដីអំពាវនាវបន្តថា ចំពោះកម្មករនិងសហជីពទាំងអស់ ត្រូវមានទំនុកចិត្តលើវិធានការ ការពារដែលជាលក្ខណៈ វិទ្យាសាស្រ្ត ដែលបាននិងកំពុងអនុវត្ត នៅកន្លែងការងារផងដែរ ៕ ដោយ៖ធី លីថូ

To Top