ព័ត៌មានជាតិ

សម្ដេចតេជោអំពាវនាវ ឲ្យចូលរួមទាំងអស់គ្នា ធ្វើការអប់រំនិងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការ រីករាលដាល កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមទាំងអស់គ្នា ធ្វើការអប់រំ និងផ្សព្វផ្សាយ អំពី ការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងប្រទេស ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា «សូមអរគុណ មន្រ្តីរដ្ឋាភិបាល តំណារាស្រ្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចុះធ្វើសកម្មភាព អប់រំផ្សេព្វផ្សាយ អំពីមេរោគឆ្លងកូរ៉ូណា និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីបង្ការកុំអោយ រីករាលដាលតទៅទៀត» ។

សម្ដេចបន្ដថា ករណីសង្ស័យជំងឺកូវីដ-១៩ មាន ៖

ទី១-បុគ្គលដែលមានរោគសញ្ញា យ៉ាងតិចមួយ ក្នុងចំណោមសញ្ញា ដូចតទៅ គ្រុនក្ដៅយ៉ាងតិច៣៨អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិ ធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺ កូវីដ-១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ ក្នុងកំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។

និងទី២-អ្នកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកពេទ្យ ៕ ដោយ៖ អេង ប៊ូឆេង

To Top