ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញនិងលើកទឹកចិត្ត ឲ្យអាជីវករលក់ដូរតាមផ្សារ បន្តអាជីវកម្មជាធម្មតា ហើយត្រូវតែដំណើរការ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញនិងលើកទឹកចិត្ត អោយអាជីវករលក់ដូរ តាមផ្សារនានា បន្តអាជីវកម្មរបស់ខ្លួនជាធម្មតា និងប្រកាសថា ផ្សារត្រូវតែដំណើរការ បើទោះជារាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានរកឃើញអ្នកឆ្លង នូវវីរុសរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩ ក៏ដោយ ។

ថ្លែងក្នុងឱកាស ផ្សព្វផ្សាយនូវិធានការការថែទាំ និងរក្សាអនាម័យ ដើម្បីទប់ស្កាត់ ការរីករាលដាល នូវជំងឺកូវីដ-១៩  ក៏ដូចជាចែកម៉ាស និងទឹកលាងដៃ ដល់មន្ត្រី នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ផ្សារនិងកន្លែងលក់ដូរ យើងមានតែលើកទឹកចិត្ត ឲ្យពួកគាត់បន្តការលក់ដូរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាចបន្តជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងទៅរកអ្វីហូបនៅឯណា? នេះជាបញ្ហា ដែលយើងត្រូវគិតគូរ ដូច្នេះហើយ យើងនៅតែលើកទឹកចិត្ត អោយផ្សារត្រូវតែនៅដំណើរការ” ។

លោកអភិបាល រាជធានីភ្នំពេញ បានរំលឹកថា “ដំបូងមានការភ្ញាក់ផ្អើលរឿងទៅទិញ នាំគ្នាទៅទិញ ទិញរហូតអស់ក្នុងស្តុក ប៉ុន្តែឥឡូវនេះ យើងឃើញថា យើងមាននិរន្តភាព សូម្បីតែនៅក្នុងផ្សារម៉ាក្រូ ឬនៅក្នុងផ្សារទំនើបផ្សេងៗ ប្រជាពលរដ្ឋយើង ចូលទៅទិញតាមធម្មតា មិនមានការប្រជែងគ្នា ដូចដែលវីដេអូឃ្លីប ចេញពីបរទេសមកនោះទេ ដែលយើងឃើញថា នៅបរទេស មានការជ្រួលច្របល់ ប៉ុន្តែនៅរាជធានីភ្នំពេញ របស់យើង និយាយដោយឡែក និយាយជារួម នៅកម្ពុជាយើង មិនមានបញ្ហានេះ  កើតឡើងនោះទេ ហើយសូមអោយ ប្រជាពលរដ្ឋទាំងអស់ មានជំនឿជឿជាក់ថា មិនខ្វះទេស្បៀងនៅកម្ពុជា” ។

លោក ឃួង ស្រេង នៅតែបន្តណែនាំ ឲ្យប្រជាពលរដ្ឋ ក្តាប់ព័ត៌មាន អោយបានច្បាស់ ជាពិសេសបញ្ហា ជំងឺកូវីដ-១៩ ដោយកុំជឿផ្តេសផ្តាស់ តាមការផ្សព្វផ្សាយ លើបណ្តាញសង្គម ដែលគ្មានអំណះអំណានច្បាស់លាស់ និងគ្មានការទទួលខុសត្រូវ ជាក់ស្តែងករណី មានការផ្ញើសារសំឡេងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទច្រកចេញចូល ខណ្ឌបឹងកេងកង មិនអោយមាន ជនបរទេសឆ្លងកាត់ ដែលការលើកឡើងនេះ ត្រូវបានលោកអភិបាលរាជធានីភ្នំពេញ ធ្វើការបដិសេដ និងចាត់ទុកការផ្សព្វផ្សាយបែបនេះ ជាការបំប៉ោងស្ថានការ ។

លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “យើងចង់ជម្រាបជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមអោយមានជំនឿជឿជាក់ លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យស្តាប់ ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬក៏ត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ” ។

លោកបន្តថា “ប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងពាក្យថា បន្តិចទៀតនេះ មានបិទបឹងកេងកង មិនអោយជនបរទេសឆ្លងកាត់ ឬចេញចូល ប៉ុន្តែចង់បញ្ជាក់ ដល់បងប្អូន ក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់ ច្បាស់លាស់ ហើយកុំជឿ នៅលើប្រពន្ធផ្សព្វផ្សាយ ដែលមិនមាន ការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់” ។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ខ្ញុំមាន Hotline នៅក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមអោយបងប្អូន ធ្វើតាមរយៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ” ។

គួរឲ្យដឹងផងដែរថា រាជធានីភ្នំពេញ តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការ បិទនូវកន្លែងកម្សាន្ត ដូចជា KTV (Karaoke Television) ក្លឹបកម្សាន្តរាត្រី ការប្រគំតន្ត្រីធំៗ និងកម្មវិធីជួបជុំ ដែលមានមនុស្សច្រើនប្រមូលផ្តុំ ដែលជាវិធានការ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ទៅនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ដោយឡែកតាមការស្នើសុំ ពីក្រសួងទេសចរណ៍ និងមានការអនុញ្ញាត ពីសម្តេចតេជោ រដ្ឋបាលរាជធានីភ្នំពេញ ក៏បន្តធ្វើការផ្អាក ជាបណ្តោះអាសន្ន នូវបៀហ្កាឌិន ដែលជាទីតាំង មានលក់ម្ហូបអាហារ មានភ្លេងកំដរ អាចជួបជុំមនុស្សច្រើន និងបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៩៣នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយ  ពីជំងឺនេះ៦នាក់ផងដែរ ដោយឡែកយោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល រាជធានីភ្នំពេញ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១២ករណី៕ 

To Top