ព័ត៌មានជាតិ

ប្រមុខការពាជាតិ ៖ ក្នុងដំណាក់កាល Covid-19 យើងត្រូវតែរួបរួមគ្នា ជាធ្លុងមួយ ដោយមិនត្រូវប្រកាន់ និន្នាការនយោបាយ

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេស នៅលើពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ នោះទេ ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញ ហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា “ក្នុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេស នៅលើសកលលោក ទទួលការគំរាមកំហែង ពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នា ជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនប្រកាន់ និន្នាការនយោបាយ “។

សូមរំលឹកថា មកដល់ពេលនេះ ប្រទេសជាង២០០ ត្រូវបានរាតត្បាលដោយជំងឺ កូវីដ-១៩ ក្នុងរួមមានទាំងកម្ពុជាផងដែរ ។ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាល អ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១០ ក្នុងចំណោមអ្នកឆ្លង១២២នាក់ ៕ ដោយ បាន ធារ៉ូ

To Top