ព័ត៌មានជាតិ

អ្នកនាំពាក្យសាលា ខេត្តកំពង់ចាម ៖ រោងចក្រ ចំនួន ១៥កន្លែង ធ្វើការធម្មតា និងរោងចក្រ ២កន្លែង បន្តព្យួរកិច្ចសន្យា

កំពង់ចាម ៖ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម និងជាប្រធានមន្ទីរព័ត៌មានខេត្ត លោក ជា ក្រូច បានថ្លែងឲ្យដឹងថា រោងចក្រកាត់ដេរ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១៧កន្លែង និងមានកម្មករ កម្មការិនី ចំនួន ៣២.៨៦៨នាក់ ស្រី ៣១.០៥៥នាក់ បំរើការងារ ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ មានរោងចក្រចំនួន ១៥កន្លែង បានដំណើរការ ការងារជាធម្មតា ហើយរោងចក្រ ចំនួន ២ បានបន្តព្យួរកិច្ចសន្យាការងារ ។

អ្នកនាំពាក្យដដែល បានបន្តថា ទី១ ៖ រោងចក្រអោលេនដេលីងខេបូឌា នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ជារោងចក្រផលិតសម្លៀកបំពាក់ ខូវប៊យ មានកម្មករសរុប ៨៨នាក់ បន្តព្យួរកិច្ចសន្យាការងារដោយខ្លាចឆ្លងមេរោគ Covid-19 រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ទើបចូលធ្វើការងារវិញ និងផ្តល់ប្រាក់ឈ្នួល ៧០% ។

ទី២ ៖ គឺរោងចក្រ យូស៊ាងណាំ ផលិតសម្លៀកបំពាក់ មានកម្មករសរុប ៥៩នាក់ មានទីតាំង ស្ថិតនៅក្រុងកំពង់ចាម នៅព្យួរកិច្ចសន្យាការងារកម្មករ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មូលហេតុខ្លាចឆ្លងមេរោគ Covid-19 ហើយកម្មករយល់ព្រម មិនយកប្រាក់ឈ្នួល ។

លោក ជា ក្រូច អោយដឹងទៀតថា ក្រៅពីនោះ ក៏មានរោងចក្រស្នើសុំព្យួរកិច្ចសន្យាការងារ ផងដែរ គឺរោងចក្រថ្មី ១កន្លែង ដែលមានកម្មករចំនួន ២៣នាក់ កំពុងដំណើការ ទៅតាមនីតិវិធី ។ មន្ត្រីអ្នកនាំពាក្យរូបនេះ ក៏បានថ្លែងបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ នៅតាមបណ្ដារោងចក្រនានា នៅក្នុងខេត្តកំពង់ចាម គឺបានចូលរួមបំពេញភារកិច្ច តាមរយៈ ការណែនាំទៅដល់ដល់កម្មករ និយោជិតរបស់ខ្លួន ដែលអវត្តមាន នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយតម្រូវឲ្យពួកគាត់ ទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលនៅជិត ដើម្បី ធ្វើចត្តាឡីស័ក នៅដាច់ដោយឡែក ១៤ថ្ងៃ នៅតាមផ្ទះ មុនពេលចូលទៅធ្វើការងារវិញ ផងដែរ ។

ទន្ទឹមជាមួយនោះ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមបណ្ដារោងចក្រនីមួយៗ ក៏នៅតែបន្តចាក់សារផ្សព្វផ្សាយអប់រំ អំពីវិធានការអនាម័យ និងអនុវត្តវិធានការ បង្ការការពារ ការឆ្លង នៃមេរោគ Covid-19 ជាប្រចាំ ផងដែរ ៕

To Top