ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឲ្យពន្លឿនការអភិវឌ្ឍ ប្រព័ន្ធប្រឡាយបង្ហូទឹក តំបន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរបាយការណ៍ ស្ថាបនាប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងតំបន់ខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាពន្លឿន ការអភិវឌ្ឍប្រព័ន្ធប្រឡាយលូ នៅតំបន់នេះ ឲ្យហើយតាមផែនការ នៅក្នុងរដូវវស្សា ដើម្បីបញ្ជៀសការជនលិច ដោយជំនន់ទឹក។

លោក ឃួង ស្រេង លើកឡើងថា ប្រព័ន្ធប្រឡាយទំាងនេះ មានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិច ដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នា ធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យ លើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបានប្រសិទ្ធភាព។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យ ត្រូវធ្វើឲ្យរួចរាល់ ក្នុងរយៈពេល២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យ ដែលកំពុងរស់នៅ ក្រោយស្ពានស្ទឹងមានជ័យ អាចរើទៅ រស់នៅទីតំាង ដែលអាជ្ញាធររៀបចំ ជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។

លោកបានបញ្ជាក់ថា ការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនារដូវ វស្សា ដែលសម្រួល ដល់ការរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរ លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យ ដល់ប្រឡាយទឹកដើម ស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤សម្រេចបាន ជាង៤០ភាគរយ៕

To Top