Covid-19

កម្ពុជាស្នើវៀតណាម គោរពតាមបទដ្ឋាន បច្ចេកទេស និងគោលការណ៍ និយ័តអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការចុះផ្សាយ ព័ត៌មានពាក់ព័ន្ធកូវីដ១៩


ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រាប់ទៅកាន់ ភាគីវៀតណាម ឲ្យគោរពតាមបទដ្ឋាន បច្ចេកទេស និងគោលការណ៍ និយ័តអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការចុះផ្សាយព័ត៌មាន ពាក់ព័ន្ធ កូវីដ១៩។

ការស្នើនេះធ្វើឡើង បន្ទាប់ពីកាសែត ក្នុងស្រុកវៀតណាម មួយចំនួនបានចុះផ្សាយកាលពីថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ ២០២០ថា ប្រទេសវៀតណាម បានរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៤ ករណី ថែមទៀត ដែលក្នុងនោះ មាន ជនជាតិវៀតណាមម្នាក់ដែល ទើបមកពីខេត្តសៀមរាបនៃ ប្រទេសកម្ពុជាផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថាករណីនេះក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង ដោយក្រសួងនិងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវ ដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះ ជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះ រស់នៅខេត្តសៀមរាបមានផ្ទុកជំងឺកូវីដ១៩នោះ ក៏មិនមែន ជាការពិតនោះទេ។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា « ក្រសួងសូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័យកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋានឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩នេះដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»។

លោក ម៉ម ប៊ុនហេង បន្តថា ក្រសួងសុខាភិបាលនៅ តែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ ស្រាវជ្រាវបន្តទៀត ហើយប្រសិនបើមានព័ត៌មានឬក៏ការវិវឌ្ឍន៍ថ្មីណាមួយ ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ ក្រសូួងនឹងជម្រាបជូនសាធារណជន ឲ្យបានជ្រាបជាមិនខានឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលកម្ពុជា ជាប្រទេសទី១ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលបានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយអស់១០០% ហើយនៅមិនទាន់មានករណីឆ្លងថ្មី ដែលអាចហៅបានថារលកទី២ នៅឡើយ។ កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២នាក់ តែត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងកាលពីពេលថ្មីនេះ៕

ដោយ៖ បាន ធារ៉ូ

To Top