ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ កូវីដ១៩ អាចបំផ្លាញក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់កម្ពុជា បានឡើយ

ភ្នំពេញ៖ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថាកូវីដ១៩ អាចបំផ្លាញដល់កម្រិតណាមួយ តែមិនអាចសម្លាប់សេដ្ឋកិច្ចកម្ពុជាបានឡើយព្រោះកម្ពុជា ជាប្រទេសមានសក្តានុពលខ្ពស់លើវិស័យ កសិកម្មខណៈបណ្ដាប្រទេសនានាអាចផ្អាកទិញសម្លៀកបំពាក់ ទំនិញផ្សេងៗនិងដំណើរកម្សាន្ត តែមិនអាចបញ្ឈប់ការបញ្ជាទិញស្បៀងអាហារឡើយ។

សូមរំលឹកថាគិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបមានចំនួន ១៩៧នាក់ (ស្ត្រី៤៣នាក់ និងបុរស១៥៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន១៤០នាក់ (ស្រី៣៩នាក់ និងបុរស១០១នាក់) ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៥៥នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៧នាក់ (ស្ត្រី ០១នាក់ និងបុរស ០៦ នាក់), នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ សរុបចំនួន៤៨នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ជាស្ត្រីជន ជាតិអាមេរិកកាំង២នាក់។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែនបានថ្លែងថា”កូវីដអាចបំផ្លាញយើងក្នុងកម្រិតណាមួយតែមិនអាចសម្លាប់យើងបានទេ!មូលហេតុអីបានខ្ញុំធានាថាមិនអាចសម្លាប់យើងបាន?ធ្វើយ៉ាងម៉េចកុំឲ្យខ្មែរខ្វះអង្ករសីុ ខ្វះអង្ករច្រកឆ្នាំង។អីចឹងបានជាវិស័យកសិកម្មឥឡូវនេះ មិនមែនត្រឹមតែជាសក្តានុពល តែវាក៏ជាឱកាសព្រមគ្នា ព្រោះអីនៅលើពិភពលោកគេអាចកាត់បន្ថយការជិះយន្តហោះ យន្តហោះធ្្លាប់តែមួយថ្ងៃៗ ៤០០ជើងទៅ៥០០ជើង ចុះស្រុកខ្មែរ។ឥឡូវក្នុង១ថ្ងៃចុះប្រហែលតែ១០ជើងប៉ុណ្ណឹងទេ”។

សម្ដេចសង្កត់ធ្ងន់ថាបណ្ដាប្រទេសមួយចំនួននៅលើសកលលោកអាចផ្អាកធ្វើដំណើរកម្សាន្តនានាមកកាន់កម្ពុជានិងផ្អាកទិញទំនិញមួយចំនួន របស់កម្ពុជាបាន តែគេមិនអាចផ្អាកទិញស្បៀងពីកម្ពុជា បានឡើយ។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដូច្នេះប្រទេសដែលបានផលិតស្បៀងដូចជាកម្ពុជាជាដើម ជាប្រទេសតែត្រូវប៉ាន់ ដែលបណ្ដាប្រទេសនៅលើពិភពលោក ត្រូវការបញ្ជាទិញ។

សម្ដេចបញ្ជាក់បន្ថែមថា កម្ពុជានឹងប្រែក្លាយវិបត្តិកូវីដ១៩នេះ ឲ្យទៅជាឱកាសសម្រាប់វិស័យកសិកម្មក្នុងការពង្រីកទីផ្សារនាំចេញ ប្រភេទស្បៀងនានា ដែលកម្ពុជាសម្រេចបាន ទៅកាន់បណ្ដាប្រទេសនានា នៅលើសកលលោកផងដែរ។

ទាក់ទងការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងកំឡុងកូវីដ១៩ សម្ដេចតេជោបញ្ជាក់ថា បើស្ថានការនៅអូសបន្លាយរយៈពេលយូរ រាជរដ្ឋាភិបាលនៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

កាលពីពេលថ្មីៗនេះលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺ កូវីដ១៩ បានជាង៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។

សម្ដេចបញ្ជាក់បន្ថែមថា នៅខែកក្កដា ចំនួនគ្រួសារក្រីក្រនិងងាយរងគ្រោះកើនដល់ជាង៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាអស់ប្រមាណ២៨លានដុល្លារ(សម្រាប់ខែកក្កដា) ព្រោះថ្មីៗនេះ បានស្វែងរកឃើញគ្រួសារក្រីក្រប្រមាណជា៥ម៉ឺនគ្រួសារបន្ថែមទៀត។

សម្ដេចបន្ថែមទៀតថា “យើងនឹងបន្តរុករក បើកូវីដមិនទាន់ថមថយទេ យើងត្រូវនៅបន្តកម្មវិធី ជំនួយសង្គមប៉ុន្តែមិនមែនបានសេចក្ដីថា រដ្ឋចិញ្ចឹមរហូតនោះទេ!ហើយនេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ”។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំកុំឲ្យពលរដ្ឋរៀបចំ ទទួលទេវតានៅថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហានាពេលខាងមុខព្រោះប្រជាពលរដ្ឋបានរៀបចំទទួលទេវតានៅតាមផ្ទះរៀងៗខ្លួនអស់ហើយកាលពីអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទូទាំងប្រទេស ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ហើយនៅពេលឈប់សម្រាក៥ថ្ងៃ ដើម្បីសងចូលឆ្នាំខាងមុខនេះ គួរចៀសវាងការប្រមូលផ្តុំគ្នានិងប្រើម៉ាសនៅពេលចាំបាច់។

សម្ដេចបន្តថា “ខ្ញុំសូមយកឱកាសនេះអំពាវនាវ ថ្ងៃ១៧ដល់២១ គឺចូលឆ្នាំ តែចូលឆ្នាំលើកនេះមិនបាច់ ទទួលទេវតាទេ ព្រោះទេវតា យើងបានទទួលតាមផ្ទះកាលពីចូលឆ្នាំខ្មែរ ថ្ងៃមុនរួចហើយ។អីចឹងយើងគ្រាន់តែយកពេលនោះដើម្បី និងសម្រាកកម្សាន្តជាពិសេសមន្រ្តីរាជការ ចំពោះកសិករគាត់គ្មានថ្ងៃសៅរិ៍ថ្ងៃអាទិត្យសម្រាកទេ”។

សូមរំលឹកថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសសងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលបានផ្អាកកាលពីកន្លងមក ចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហាខាងមុខនេះ ជាពិសេសប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាកម្មករ អាចមានពេលដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា នៅក្នុងប្រទេស ៕ដោយ៖ធី លីថូ

To Top