ព័ត៌មានជាតិ

រដ្ឋមន្ដ្រីទេសចរណ៍ ប្រាប់ប្រទេសអនុតំបន់ទន្លេមេគង្គថា កម្ពុជាមិននៅស្ងៀមឡើយ ចំពោះការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ ចំពោះមុខក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ បានថ្លែងថា កម្ពុជាមិននៅស្ងៀមឡើយ ក្នុងដាក់ចេញវិធានការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដោយមានការយកចិត្តទុកដាក់បំផុត។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរ ណ៍។

សូមជម្រាបថា ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន ៖ ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។

ក្នុងកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក ថោង ខុន មានប្រសាសន៍ថា «នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយ បិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត»។

លោកបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងស្ថាប័នអង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះ ក្រសួងទេសចរណ៍ ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីទេសចរណ៍ លើកឡើងថា ការខិតខំនេះគឺដើម្បីធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ក្នុងប្រទេសបានខ្លះ ដើម្បីជួយកុំ ឲ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះ ក្រសួងទេសចរណ៍បានជំរុញឲ្យមានចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីឲ្យដង្ហើមវិស័យទេសចរណ៍ជាតិ នៅតែអាចរស់បាន៕

To Top