ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ការតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតាមនីតិវិធី ជៀសវាងការឡើងច្រើនដង ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា ការតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តទៅតាមនីតិវិធីនៃការតម្លើង ឋានន្តរស័ក្តិ របស់មន្ត្រីនគរបាលជាតិកម្ពុជា ជៀសវាងមានការឡើង ឋានន្តរស័ក្តិច្រើនដង ក្នុងមួយឆ្នាំ សម្រាប់មន្ត្រីម្នាក់ៗ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆមាសទី និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា រយៈពេលនៃការតម្លើងឋានន្តរស័ក្តិ នៃថ្នាក់នីមួយៗ ត្រូវមានលក្ខណៈសមរម្យ និងត្រឹមត្រូវ។

លោកមានប្រសាសន៍ថា «ការតម្លើងឋានន្តរស័ក្តិត្រូវអនុវត្ត ឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់មន្ត្រី នគរបាលជាតិ ដែលមានចែងរយៈកាលក្នុងការតម្លើង ឋានន្តរស័ក្តិនៃថ្នាក់នីមួយៗ ជៀសវាងមួយឆ្នាំឡើងពីរដង»។ នេះមិនមែនអនុវត្តសម្រាប់ តែអគ្គលេខាធិការដ្ឋានមួយនោះទេ សម្រាប់អគ្គនាយកដ្ឋានផ្សេងក៏ដូចគ្នា។ ដោយឡែក សម្រាប់អ្នកដែលទទួលបន្ទុកលើលិខិត នៃការតម្លើងឋានន្តរស័ក្តិនេះ ក៏ត្រូវពិនិត្យមើលបញ្ហានេះផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកដល់មន្ត្រី ទទួលខុសត្រូវគ្រប់ថ្នាក់ ឲ្យខិតខំប្រឹងប្រែង បញ្ចេញស្នាដៃ និងអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ដើម្បីមានឱកាសទទួលបានការ តែងតាំងមុខតំណែងថ្មី និងការតម្លើងឋានន្តរស័ក្តិ ជាបន្តបន្ទាប់ខាងមុខផងដែរ៕ដោយ អេង ប៊ូ ឆេង

To Top