ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ កម្ពុជានឹងធ្វើអ្វីៗ ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ ដោយទុកសុវត្ថិភាព ប្រជាជន ជាអាទិភាព ក្នុងគ្រាកូវីដ១៩

ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងធ្វើអ្វីៗ ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ ដោយទុក សុវត្ថិភាពប្រជាជន ជាអាទិភាព នៅក្នុងគ្រាដ៏លំបាក នៃកូវីដ១៩ដ៏កាចសាហាវនេះ។

យោងតាមលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ញើជូនចំពោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការ ទេសចរណ៍ពិភពលោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីរាប់អាន! ខ្ញុំសូមថ្លែងអំណរគុណចំពោះលិខិតដ៏ប្រពៃ និងប្រកបដោយអត្ថន័យ នៃលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលបង្ហាញពីការគាំទ្រ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០» ។

សម្តេចតេជោ បានបន្ថែមថា «ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំសុវត្ថិភាព និងសុខភាពនានារបស់ អង្គការសុខភាព ពិភពលោក នៅអំឡុងពេលនៃការឈប់សម្រាកនេះ យើងពុំមានករណីឆ្លងថ្មីទេ នៅក្នុងប្រទេស ប៉ុន្តែយើងទទួលបានអ្នកទេសចរក្នុងស្រុក និងជនបរទេសប្រហែល ១,៥លាននាក់ ធ្វើដំណើរកម្សាន្ត តាមតំបន់គោលដៅ ទេសចរណ៍ នានាទូទាំងប្រទេស។លើសពីនេះ ដោយចាត់ទុក សុវត្ថិភាពប្រជាជនជាចម្បង គោលដៅទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការដោយឥតឈប់ឈរទាំងថ្ងៃទាំងយប់ ដើម្បីតាមដាន និងណែនាំឱ្យមានការអនុវត្តវិធាននានាបន្ថែម ដែលបានបង្កើត និងរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ។»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដើម្បីធានាការបើកឱ្យ មានការធ្វើដំណើរកម្សាន្ត ក្នុងស្រុកឡើងវិញ ប្រកបដោយសុវត្តិភាព និងប្រុងប្រយ័ត្ន កម្ពុជាបាននឹងកំពុង សហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការសម្រួលដល់ការ ចាប់ផ្តើមឡើងវិញនូវ វិស័យទេសចរណ៍ ដែលជាផ្នែកដ៏សំខាន់ ដើម្បីជួយជំរុញសេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជាថ្មីម្ដងទៀត ខ្ញុំសូមសំដែងនូវអំណរគុណ ចំពោះសារគាំទ្រ របស់ឯកឧត្តម ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងកូវីដ១៩ ហើយក្នុងនាម ជាសមាជិកដ៏សកម្មរបស់ UNWTO កម្ពុជានឹងធ្វើអ្វីៗ ដើម្បីលើកកម្ពស់ទេសចរណ៍ ខណៈទុកសុវត្តិភាពប្រជាជន ជាអាទិភាព នៅក្នុងគ្រាដ៏លំបាក នៃកូវីដ១៩នេះ។ សូមឯកឧត្តម ទទួលនូវការគោរព រាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ និងសូមប្រសិទ្ធពរឯកឧត្តម ប្រកបដោយ សុខភាពល្អ និងសូមឱ្យអង្គការអន្តរជាតិដ៏ល្បីល្បាញរបស់ឯកឧត្តម កាន់តែទទួលបានជោគជ័យធំធេង បន្ថែមទៀត»៕

To Top