ព័ត៌មានជាតិ

វៀតណាម កំពុងសាងសង់ តង់ថ្មីរឹងមាំជាងមុន នៅជិត ខ្សែបន្ទាត់ព្រំដែន

ភ្នំពេញ ៖ ស្នងការខេត្តកណ្តាល លោក ឈឿន សុចិត្ត បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា យោធា ប្រទេសវៀតណាម កំពុងសាងសង់កន្លែងសម្រាប់ឈរជើងថ្មីកាន់តែរឹងមាំជាងមុននៅលើទីតាំងកំពុងបោះតង់ស្រាប់ចំនួន៤កន្លែងទៀត ដែលមាន ចំងាយ១២០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។

របាយការណ៍លោក ឈឿន សុចិត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ផ្ញើជូនអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌបានឲ្យដឹងថា “យោធាប្រទេសនេះ កំពុងប្រែក្លាយទីតាំងបោះតង់មួយកន្លែងឲ្យក្លាយជាជម្រកថ្មីធ្វើឡើងពីឈើ សសរថ្មកម្ពស់៣ ម៉ែត្រទំហំ៥ ម៉ែត្រគុណ៤ ម៉ែត្រនិងដំបូល ប្រក់ស័ង្កសីស្ថិតនៅចម្ងាយពីខ្សែបន្ទាត់ព្រំដែន ប្រមាណ១២០ ម៉ែត្រត្រង់ចំណុចភូមិកូវី ឃុំកូឡក ស្រុកទិនចូវ ខេត្តអានយ៉ាង ប្រទេសវៀតណាមទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាលរបស់ប្រទេសកម្ពុជា”។

របាយការណ៍ស្នងការខេត្តដើម្បីសុំគោលការណ៍ ដឹកនាំបន្តចុះទៅដល់ទីតាំង ក្រោយពីមន្រ្តីនគរបាល យោធាព្រំដែនកម្ពុជា និងអភិបាលស្រុកលើកដែកកាលពីថ្ងៃ២៥-២៦សីហា បានចុះទៅដល់កន្លែងស្នើសុំយោធាវៀតណាមបញ្ឈប់វិញ ប៉ុន្តែភាគីវៀតណាមបដិសេធ។

បើតាមស្នងការខេត្ត យោធាវៀតណាមបញ្ជាក់ថា ការសាងសង់នេះ គឺពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ ហើយថ្នាក់លើគឺមានគម្រោងសាងសង់ជម្រករឹងមាំថ្មីបែបនេះចំនួន៤កន្លែងទៀតលើ១០គោលដៅចាស់ដែលមានស្រាប់។

លោកគង់ សោភ័ណ្អភិបាលខេត្តកណ្តាល បញ្ជាក់ថាអាជ្ញាធរកម្ពុជាមិនអាចចុះទៅបង្ខំឲ្យទាហានវៀតណាម ប ញ្ឈ ប់ការសាងសង់នេះបានទេ ដោយហេតុថា ការ សាងសង់ ស្ថិតនៅក្នុងទឹកដីវៀតណាម បើទោះបីក្បែរបន្ទាត់ព្រំដែនក៏ដោយ។ ដូចនេះហើយមានតែជម្រើសចរចាស្នើបញ្ឈប់ការសាងសង់ក្នុងនាមប្រទេសជាមិត្តជិតខាងប៉ុណ្ណោះ។ នេះបើតាមការ ចុះផ្សាយរបស់វិទ្យុបារាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កងទ័ពវៀតណាមបានចូលលួចបោះតង់បណ្ដោះអាសន្នចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ព្រំដែនដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នា ប៉ុន្តែសកម្មភាពនេះ ត្រូវអាជ្ញាធរកម្ពុជាបានចុះរារាំងនិង ទាមទារឲ្យរុះរើតង់នោះវិញ៕

To Top