ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបា ល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល។

នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តំណាងសង្គមស៊ីវិល បានស្នើសុំធ្វើវិសោធនកម្ម លើមាត្រាមួយចំនួន នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោយពីទទួលបានសំណើនេះរួច ក្រុមការងាររាជរដ្ឋាភិបាល ក៏សម្រេចឲ្យមានការប្រជុំ ដើម្បីពិគ្រោះ យោបល់ជាមួយ តំណាងសង្គមស៊ីវិលទាំងនោះ។លោកបញ្ជាក់ថា ដោយគិតចាប់ពីខែវិច្ឆិការ ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាល បានជួបប្រជុំពិគ្រោះយោបល់ជាមួយ តំណាងអង្គការសង្គមស៊ីវិល ចំនួន៦លើក រួចមកហើយ។

លោកបន្ថែមថា កន្លងមក តំណាងសង្គមស៊ីវិល បានស្នើសុំលុបច្បាប់នេះតែម្ដង ប៉ុន្តែក្រោយពីទទួល បានការពន្យល់ពីរដ្ឋាភិបាល តំណាងទាំងនោះ ក៏យល់ច្រើនពីភាពចាំបាច់នៃច្បាប់នេះ ហើយស្នើសុំធ្វើវិសោធនកម្ម ទៅលើមាត្រាមួយចំនួនវិញ។ ចំពោះភាពចាំបាច់នៃច្បាប់នេះ លោក រដ្ឋលេខាធិការ បានលើកឡើងថា ច្បាប់នេះមានសារៈសំខាន់ ព្រោះច្បាប់នេះកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយតម្រូវ ឲ្យមានការចុះបញ្ជីត្រឹមត្រូវ ទើប ការធ្វើសកម្មភាពនានា មានភាពស្របច្បាប់ និងក្លាយជានិតិបុគ្គលពេញលេញ ដែលបំរើដល់សកម្មភាពរបស់ពួកគាត់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×