ព័ត៌មានជាតិ

សាលា ប៊ែលធី អន្តរជាតិ គាំទ្រ និងជំរុញការលក់ ផលិតផលខ្មែរ នៅក្នុងបរិវេណសាលា ទាំង២១ទីតាំង

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ បានសម្រេចដាក់ចេញ នូវផែនការថ្មី សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២១ នេះតទៅ ស្តីពីការកំណត់ប្រភេទមុខទំនិញ (នំ-ចំណី និងភេសជ្ជៈ) របស់អ្នកលក់ ដែលកំពុងប្រកបអាជីវកម្ម នៅក្នុងបរិវេណសាលា ទាំង២១ទីតាំង ។

ក្នុងនោះ សាលាបានជំរុញឲ្យមានការដាក់ លក់ផលិតផលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្ត ដល់សហគ្រិនកម្ពុជា ឲ្យបន្តខិតខំប្រឹងប្រែង ផលិតទំនិញមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ជាមួយនឹងតម្លៃសមរម្យ ។ ជាពិសេសការទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងប្រទេសជាតិ តាមរយៈការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ។

គួរបញ្ជាក់ផងដែរថា កន្លងមកសាលា ប៊ែលធី អន្តរជាតិ បានបញ្ឈប់នូវរាល់ការលក់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ភេសជ្ជៈផ្ទុកជាតិកាហ្វេអីន និងភេសជ្ជៈដែលមានកម្រិតជាតិស្ករខ្ពស់ ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព របស់បុគ្គលិក លោកគ្រូ-អ្នកគ្រូ ជាពិសេសប្អូនៗសិស្សានុសិស្ស ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីសុវត្ថិភាពចំណីអាហារ របស់សិស្សានុសិស្ស ។

ទន្ទឹមគ្នានោះ ជារៀងរាល់ឆ្នាំសាលាក៏បានអញ្ជើញ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា មកចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ភេសជ្ជៈ និងទំនិញ ដែលបានដាក់លក់នៅគ្រប់ទីតាំងសាលា ប៊ែលធី អន្តរជាតិ ដើម្បីធ្វើយ៉ាងណាធានា ឲ្យបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជូនដល់បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕

To Top