នយោបាយ

ក្រុមអតីតបក្សប្រឆាំង កំពុងប្រមូលផ្ដុំ កម្លាំងបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលមានឈ្មោះថា «បក្សកែទម្រង់»

ភ្នំពេញ ៖ ក្រុមអតីតគណបក្ស សង្គ្រោះជាតិ ដែលទទួលបានសិទ្ធិ ធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសិទ្ធិ ធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា«បក្សកែទម្រង់» ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាន សិទ្ធិធ្វើនយោបាយ បានឲ្យដឹង នៅថ្ងៃទី៣០ខែសីហា ថា លោកពិតជា បានពិភាក្សា ជាមួយអតី តគណបក្សសង្គ្រោះជាតិផ្សេងទៀត ដើម្បីឈានដល់បង្កើតគណបក្សថ្មី ពិតមែន ប៉ុន្តែទាន់ដល់ស៊ីជម្រៅទេ ។

លោកបញ្ជាក់ថា ៖«យើងកំពុងតែសិក្សាអំពីកំលាំង និន្នាការប្រឆាំង នឹងរាជរដ្ឋាភិបាល ថាតើអាចរួមគ្នាឡើងវិញបានឬទេ តើកំលាំងអ្នកនយោបាយ ចូលរួមប្តេជ្ញាចិត្តក្នុងការ បោះឆ្នោត តទៅឬពហិការបែបហ្នឹង? បើសិនមិនមែនអ្នកចូលរួមទេកំលាំងមិន គ្រប់គ្រាន់ ទេយើងមិនអាចទៅរួចទេ តែបើកំលាំងចូលរួមច្រើន ហើយប្រជាពលរដ្ឋទុក ចិត្តបានយើងនឹង ពិចារណាបង្កើតគណបក្ស«បក្សកែទម្រង់» ។

អតីតមន្រ្តីបក្សប្រឆាំងរូបនេះបានឲ្យដឹងថា លោកបានជជែកជាមួយលោក សុន ឆ័យ អតីមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងដែរហើយ ប៉ុន្តែមិនទាន់ជជែកអ្វីស៊ីជម្រៅ ឬធំដុំនោះទេ គ្រាន់តែយើងបានបង្កើតគំនិត ដែលលោកជាមួយសមាជិក នៅក្រៅប្រទេស និងក្នុងប្រទេស ប៉ុន្តែអ្វីដែលច្បាស់លា ស់មិនទាន់នោះទេ ។

លោកបញ្ជាក់ថា៖«គំនិតខ្ញុំកំពុងរកចំណុចថា តើធ្វើបែបណាដើម្បីឲ្យដំណើរ ការប្រក្រតីនៅក្នុងប្រទេសនោះ ។ ខ្ញុំមិនបានជជែករឿងសុំសិទ្ធិធ្វើនយោបាយ របស់លោក(សុនឆ័យ)ទេ ព្រោះជាសិទ្ធិរបស់លោក ព្រោះថាវាដល់ពេលហើយ ដោយសារលោកទន្ទឹងរង់ចាំ យូរហើយ។ ហើយយើងក៏ដឹងហើយថាគ្មានដំណោះស្រាយអ្វីធំដុំនោះទេ។ អ្វីដែលយើងពឹងពី អន្តរជាតិក៏ យើងដឹងពីការដាក់សម្ពាធ(EBA) ក៏បានផ្តាច់២០%ហើយតែមិនមាន លទ្ធភាពជួយបានទេ» ។

លោក៏បានលើកឡើងថា ទោះបីជាលោកខិតខំធ្វើការសម្របសម្រួល យ៉ាងណាក្តីក៏គ្មានប្រយោជន៍ ហើយជម្លោះផ្ទៃក្នុងប្រទេសនៅតែបន្តកើតមាន ដូច្នេះបានជាលោកជជែកជាមួយ អតីតមន្ត្រីបក្សប្រឆាំងដូចគ្នា ។

លោកថា ចំពោះរឿងលោក សុន ឆ័យ ដល់ពេលហើយ ព្រោះគាត់បាន ទ្រាំរយៈពេល ៣ឆ្នាំ ដោយពិបាកទាំងការដើរ សកម្មភាពផ្សេងៗនិងការជជែកគ្នាជាមួយអ្នកន យោបាយគឺមាន ការពិបាក ព្រោះប៉ះពាល់ដល់សាលក្រមរបស់តុលារកំពូល ។

លោក អ៊ូ ច័ន្ទរ័ត្ន បានលើកឡើងថា ការសម្រេចរបស់លោក សុន ឆ័យ និងមន្ត្រីមួយចំនួនទៀត គឺជាការត្រឹមត្រូវហើយនៅពេលនេះ ។ បើទោះបីជាអ្នកមិនចង់សុំសិទ្ធិធ្វើនយោបាយ ក៏មិនមានលើសអ្វីពីនេះ ។ អ្នកចង់ធ្វើនយោបាយសុំសិទ្ធិនយោបាយទៅ បើអ្នកមិនចង់ ធ្វើនយោបាយគឺនៅអីញ្ចឹងទៅ! ប៉ុន្តែខ្ញុំគិតថាបើអ្នកចង់បំរើប្រជាពលរដ្ឋទាល់តែធ្វើសកម្មភាព តែបើនៅស្ងៀមមិនមែនប្រយោជន៍ទេ។

មុននឹងឈានដល់ការបង្កើតគណបក្សថ្មីនេះ លោកបញ្ជាក់ថា៖ «ខ្ញុំបានជជែកជាមួយមន្ត្រីអតីតបក្សប្រឆាំង មួយចំនួនហើយ ប៉ុន្តែមិនទាន់ឈានដល់ការ សម្រេចចិត្តនោះទេ។ បើយើងបង្កើតនេះយើងចង់ ស្ដារលទ្ធិប្រជាធិបតេយ្យគឺ ធ្វើយ៉ាងណាឲ្យមានភាពចម្រុះ មានជម្រើសសម្រាប់ប្រជាពលរដ្ឋ ។ យើងឃើញហើយគណបក្សមួយចំនួន ដែលកើតហើយហាក់ដូចជាមិនក្លាយជាជម្រើស សម្រាប់ប្រជាពលរដ្ឋនោះទេ» ។

លោកបន្ថែមថានៅក្នុងប្រទេស ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យសំខាន់នោះ ជម្រើសសម្រាប់ប្រជាពលរដ្ឋ។
លោកក៏បានលើកឡើងថា អ្វីដែលរដ្ឋាភិបាលធ្វើបច្ចុប្បន្ននេះ ដោយសារតែមានការព្រួយបារម្ភ ចំពោះដៃគូប្រកួតប្រជែងនយោបាយ ហើយជាធម្មតាក្នុងប្រទេ សប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ជៀសមិនផុតទេក្នុងការផ្លាស់ប្តូរ ថ្នាក់ដឹកនាំ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។

ចំណុចនេះលោក អ៊ូ ច័ន្ទរ័ត្ន បានសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថាបើសិនមានការកែប្រែឲ្យមានវ ប្បធម៌មួយទូលាយជាងនេះ កុំឲ្យមាន ការភ័យខ្លាចចំពោះខ្មែរគ្នាឯងពេក ធ្វើឲ្យមានទំនុកចិត្ត គ្នានិងគ្នា ខ្ញុំជឿងថាដំណើរប្រទេសយើងនឹងប្រសើរជាងនេះ ។ អីញ្ចឹងអាលូវនេះក្នុង ចំណោមអ្នកនយោយទាំងអស់ខ្វះ ការទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះយើងព្រួយបារម្ភ ពីការសងសឹកគ្នា ដែលជាបញ្ហាមួយចាក់ឮសក្នុងសង្គមយើង»។

លោកក៏បានលើកឡើងថា នយោបាយមិនគួរប្រកួតប្រជែងជាមួយគ្នាឯង ដោយមានកាភ័យខ្លាចនោះទេ គឺគូប្រកួតប្រជែងជាមួយប្រទេស ក្នុងពិភពលោកដែលមានភាពជឿនលឿន ជាងប្រទេសកម្ពុជាយើង ។

សម្រាប់ការប្រមូលគំនិតផ្តួចផ្តើមបង្កើត គណបក្សនយោបាយថ្មីមួយនេះលោកអ៊ូ ច័ន្ទរ័ត្ន ក៏បានឲ្យដឹងថា លោកក៏បានជួបជាមួយលោក ប៉ុល ហំម អតីតអនុប្រធានគណបក្ស សង្គ្រោះជាតិដែរប៉ុន្តែមិនបាន ពិភាក្សាស៊ីជម្រៅអ្វីនោះទេ គឺគ្រាន់តែសួរសុខទុក្ខគ្នាប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំមិនទាន់ឱកាសជជែកគ្នាជាមួយគាត់ធំដុំនោះទេ គ្រាន់តែជជែកគ្នាពីជីវភាព ពីអ្វីមានខ្លះ ប៉ុន្តែជជែកពីនយោបាយពិបាកជជែកគ្នា ព្រោះលោកមិនទាន់មានការ គិតគូរពីបញ្ហា នយោបាយនោះទេ ។ ប៉ុន្តែបើគាត់ចង់ធ្វើនយោបាយគាត់ អាចដាក់សុំសិទ្ធិនយោបាយបាន» ។ សម្រាប់គម្រោងបង្កើតគណបក្សនយោបាយថ្មីនេះ ត្រូវអតីតមន្ត្រី និងគាំទ្រមួយចំនួន បានរិះគន់ ចំពោះរូបលោក ពិសេសនោះអ្នកស្នើសុំសិទ្ធិនយោបាយជាដើម ប៉ុន្តែលោកថា មិនមែនជាការត្រឹមត្រូវនោះទេ ព្រោះថាអ្នកទាំងអស់ដែលស្នើសុំ នោះសុទ្ធតែជាអ្នករងគ្រោះដូចគ្នា ។ ដូច្នេះអ្នកដែលតាំងខ្លួន អ្នកប្រជាធិបតេយ្យ អ្នកគោរពសិទ្ធិមនុស្សទៅរំលោភសិទ្ធិគេ គឺជាការមិនត្រឹមត្រូវនោះទេ ៕ ស.ចំណាន

To Top