ព័ត៌មានជាតិ

មជ្ឈមណ្ឌល សង្គមកិច្ច សុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារ ស្នាក់នៅនិងថែទាំងសុខភាព ដល់ជនវិកលចរិក ជនអនាថា ក៏ជាកន្លែងផ្តល់ជំនាញ វិជ្ជាជីវៈថែមទៀត

ភ្នំពេញ៖ មជ្ឈមណ្ឌល សង្គមកិច្ចសុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅ ផ្តល់សេវា​ថែទាំងសុខភាព ដល់ជនវិកលចរិក ជនអនាថា ជនរងគ្រោះ និងងាយរងគ្រោះ ហើយនោះ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងផ្តល់ជំនាញ វិជ្ជាជីវៈ ដល់ពួកគាត់ផងដែរ ដើម្បីឲ្យពួកគាត់ ពេលសមាហរណកម្ម ត្រលប់ទៅសហគមន៍វិញ មានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូល បានដោយខ្លួនឯង លើកកម្ពស់ជីវភាព នៅក្នុងសង្គមហ្នឹងគេ។

នេះបើតាមការបញ្ជាក់ របស់មន្រ្តីមន្ទីរសង្គមកិច្ច និតិសម្បទា និងអតីតយុទ្ធជន រាជធានីភ្នំពេញ ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដឹកនាំក្រុមការងារ ចុះរៀបចំ កម្មវិធីទទួលទាន នំបញ្ចុក សន្តិភាព ជូនដល់ក្រុមជនរងគ្រោះ និងជនងាយរងគ្រោះ ចំនួន៤០០នាក់ ដែលកំពុងសុំចត នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ នាថ្ងៃទី២៩ ខែសីហានេះ ដើម្បីបង្ហាញពីការ អាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំ ជូនជនរងគ្រោះ និងជនងាយរងគ្រោះទាំងនេះ។

លោកអភិបាលរាជធានី នៅក្នុងឱកាសនោះ បានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថា រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ ខ្លាំងណាស់ ក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាព ដើម្បីអោយពួកគេ បានរស់នៅក្នុងស្ថានភាព កាន់តែប្រសើរ។

ក្រៅពីនេះ លោកឃួង ស្រេង ក៏បានណែនាំ ឲ្យមន្ទីរសង្គមកិច្ចនិតិសម្បទា និងអតីតយុទ្ធជន រាជធានីភ្នំពេញ ដាំដើមធ្នង់នៅក្នុងបរិវេណ មជ្ឈមណ្ឌល សុំចតព្រៃស្ពឺនេះ លោកជួយផ្ដល់កូនធ្នង់ សម្រាប់ដាំ ដើម្បីផ្ដល់ជាម្លប់ និងបរិស្ថានល្អប្រសើរ និងបានជំរុញឲ្យមន្ត្រី ដែលបម្រើការងារ នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវមើលថែបងប្អូន ជនរងគ្រោះទាំងនេះ អោយបានល្អប្រសើរ ពោលគឺធ្វើយ៉ាងណា អោយពួកគាត់រស់នៅស្អាត មានអនាម័យល្អ ។

បន្ថែមពីលើនេះទៀត លោកអភិបាល រាជធានីភ្នំពេញ ក៏បានចែកជូនក្រម៉ាជូន បងប្អូនជនរងគ្រោះ និងផ្តល់ថវិកាចំនួន ៣លានរៀល ទៅមន្ត្រីដែលបម្រើនៅទីនេះ ជាមួយនឹងការផ្ដល់ថ្នាំពេទ្យ ជាច្រើនផងដែរ ដល់មជ្ឈមណ្ឌសម្រាប់ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ នៅពេលដែលពួកគាត់ ជួបនឹងបញ្ហាសុខភាព។

មន្ត្រីដដែរ បញ្ជាក់ថា ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិកដែលរស់នៅ ក្នុងមជ្ឈមណ្ឌលនេះ ភាគ​ច្រើន​ គឺគ្មានសាច់ញាតិថែទាំ ឲ្យបានឌិតដល់ឡើយ ដោយពួកគេរស់នៅ ដោយអនាថា តាម​សំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរ នៅតាមទីសាធារណៈជាដើម៕

To Top