ព័ត៌មានជាតិ

«សារ ចំណាប់អារម្មណ៍ របស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា»

ជម្រាបសួរប្រជាជនកម្ពុជា ជាទីគោរពរាប់អាន។

ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែល ខ្ញុំបានមកដល់កម្ពុជា ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់ខ្ញុំ។

ក្រោយពេលខ្ញុំបានមកដល់កម្ពុជា ខ្ញុំក៏បានចាប់ផ្តើមរៀនភាសាខ្មែរ ដើម្បីបង្ហោះវីដេអូជាភាសាខ្មែរ ក្នុងទំព័រហេ្វសប៊ុក នៃស្ថានទូតជប៉ុន ជារៀងរាល់សប្តាហ៍ ។ នេះគឺជាកិច្ចការមួយដ៏ពិបាកខ្លាំង សម្រាប់ខ្ញុំដែលមិនធ្លាប់រៀនភាសាខ្មែរ ពីមុនមកសោះ ។ ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹកហាត់ ជារៀងរាល់សប្តាហ៍ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ សប្បាយរីករាយ ដោយបានស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀនភាសា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខ្ញុំក៏មាន ឱកាសបានចុះបំពេញកិច្ចការ នៅខេត្តមួយចំនួននៅកម្ពុជាផងដែរ ។ ហើយក្នុងនាម ជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ខ្ញុំបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយខ្ញុំក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀត ដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែង នៃប្រទេសកម្ពុជាកាន់តែច្បាស់។

តាំងពីដើមឆ្នាំនេះមក បញ្ហាមេរោគCovid-19 បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយធ្វើឲ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិត នៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ ខ្ញុំដឹងថាប្រជាជនកម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត។

កាលពីថ្ងៃទី២១ និង២២ ខែសីហា ថ្មីៗនេះ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ថាប្រទេសយើងទាំងពីរនឹងបើកឲ្យប្រជាជន យើងអាចធ្វើដំណើរទៅវិញ ទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹងCovid-19។

ខ្ញុំក៏សូមណែនាំពាក្យជប៉ុន មួយឃ្លាថា “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស” ។ ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ ខ្ញុំនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជម្រុញបន្ថែមទៀត នូវមិត្តភាពនៃប្រទេសយើង ទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ លោក លោកស្រី។

(ដកស្រង់ពីហ្វេស ប៊ុកស្ថានទូតជប៉ុន)

To Top