ព័ត៌មានជាតិ

គ.ជ.ប ៖ មន្ត្រីបោះឆ្នោត ត្រូវបម្រើសេវា ជូនអ្នកបោះឆ្នោត ទាំងអស់ ដោយមិនមានការរើសអើង

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា មន្ត្រីបោះឆ្នោតត្រូវបម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើងឡើយ ។ នេះបើ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា «គ.ជ.ប តែងតែណែនាំឲ្យមន្ត្រីបោះឆ្នោត បម្រើសេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើង ហើយក្នុងនាមលោក ប្រធានផ្ទាល់ ក៏មិនដែលចាត់ទុកខ្មែរ ណាជាសត្រូវដែរ។ មតិគេល្អ ត្រឹមត្រូវ និងជឿនលឿន គឺយើងត្រូវតែទទួលយក ហើយយើងគោរពម តិគ្នាទៅវិញទៅមក កុំឲ្យតែមតិហ្នឹងជាមតិបំផ្លាញ បំផ្លើស បំភ្លៃ ហ្នឹងគឺមិនអាចទទួលយកបានទេ»។

នាឱកាសនោះ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឲ្យដឹងថា ជុំវិញកង្វល់របស់តំណាង គណបក្សនយោបាយ អំពីការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាពថា ជាកង្វល់របស់ គ.ជ.ប និងក្រសួងមហាផ្ទៃ។ គ.ជ.ប និងក្រសួងមហាផ្ទៃ បានឯកភាពគ្នា ជាគោលការណ៍មួយ គឺផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ការប្រើប្រាស់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ជាមួយនឹងឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយនៅខែសីហា កន្លងមកនេះ គ.ជ.ប បានផ្ដល់ទិន្នន័យជាបញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលប្រើប្រាស់ឯកសារ អស់សុពលភាព ទៅខាងក្រសួងមហាផ្ទៃ។

ចំណែក លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន ជុំវិញពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយថា គ.ជ.ប ដូរតែកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ ប៉ុន្តែឯកសារគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ យើងនៅរក្សាដដែល ដូចនេះលិខិតផ្ទេរសិទ្ធិ របស់គណបក្សទៅថ្នាក់ក្រោម នៅតែមានសុពលភាព។

មុននឹងបញ្ចប់កិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ថា ទាក់ទងនឹងការបោះឆ្នោត ជោគជ័យ របស់ គ.ជ.ប គឺ គ.ជ.ប មិនមែនធ្វើការតែម្នាក់ឯងទេ រឿងនេះជារឿងយើងធ្វើជាមួយគ្នា ព្រោះ គ.ជ.ប ធ្វើការជាមួយភាគីពាក់ព័ន្ធទាំង ១១។ ហេតុនេះហើយ បានជាគ្រប់ដំណាក់កាលទាំងអស់ គ.ជ.ប តែងតែពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ៕

To Top