ព័ត៌មានជាតិ

គម្រោងសាងសង់ ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ សម្រេចបាន៦.៣៨%

ភ្នំពេញ ៖ គម្រោងសាងសង់ ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ រហូតមកទល់ពេលនេះសម្រេចបាន ប្រមាណជា៦.៣៨% ហើយ។

នេះជាការលើកឡើងរបស់លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២ ខែតុលា ឆ្នាំ ២០២០ ដែលបានបើកកិច្ចប្រជុំពិភាក្សា ស្តីពី វឌ្ឍនភាពការងារអនុគម្រោង សាងសង់ទីលានចាក់សំរាម នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌថវិកាជាតិ រួមជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ ។

គម្រោងសាងសង់ ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុ ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន សាងសង់ Heng Sambat Co., Ltd Import Export Transportation and Construction ។ គ្រោងចំណាយទឹកប្រាក់ ប្រមាណ ៥.៣១៣.៤៦៣ ដុល្លារ និងចំណាយពេលសាងសង់១៧ខែ បច្ចុប្បន្នការងារសម្រេចបាន ៦.៣៨%ហើយ ធៀបនឹងគោលដៅ ៦.១៩%។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោក កឹម បូរី បានឲ្យថា រាជរដ្ឋាភិបាលបានសម្រេច បញ្ចេញកញ្ចប់ថវិការបស់ខ្លួន ក្នុងការលើកកម្ពស់សមត្ថភាព គ្រប់គ្រងសំរាម ដើម្បីធ្វើឲ្យប្រសើរឡើងនូវ អនាម័យ សុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែ មានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីក ចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។

ជាមួយគ្នានោះផងដែរ លោកបានគូសបញ្ជាក់ អំពីសារសំខាន់នៃការតាមដាន និងវាយតម្លៃផែនការ សកម្មភាព ដើម្បីសម្រេចគោលដៅតាមការគ្រោងទុក និងបានជំរុញលើកទឹកចិត្ត ឲ្យសមាជិកសមាជិកា នៃគណៈកម្មការគ្រប់គ្រងការងារ អនុគម្រោងសាងសង់ បង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាគម្រោងដំណើរការ ទៅប្រកបដោយភាពរលូន។

គួរកត់សម្គាល់ថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើង ដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំ ដំបូង មានសមត្ថភាព អាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ ម៉ែត្រគីប មានរណ្ដៅចំនួនបួន រណ្ដៅ នីមួយៗមានទទឹងគិតជាមធ្យម១៣០ ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធ រំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុល ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top