ព័ត៌មានជាតិ

ចិន នឹង ផ្ដល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសផ្ដល់ឲ្យកម្ពុជា ព្រោះជាមិត្តដែកថែប

ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា ចិននឹងផ្ដល់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ផ្ដល់ឲ្យសកម្ពុជា ព្រោះកម្ពុជា ជាមិត្តដែកថែបរបស់ចិន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០ លោក វ៉ាង យី បានឲ្យដឹងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនៈ កិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីខែកុម្ភៈ កន្លងមក។

លោកបន្ដថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ ចិន-កម្ពុជា នឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា។ លោកថា វិនិយោគចិននៅកម្ពុជា មិនបានប៉ះពាល់ដោយសារជំងកូវីដ-១៩ទេ តែកាន់តែមានច្រើនថែមទៀត។ លោកបញ្ជាក់ថា ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូត អំពីជំនួយឥតសំណង សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជាដែមានទឹកប្រាក់ ចំនួន៩៥០លានយាន់ (ប្រហែល១៤០លាន ដុល្លារ)។

លោកមានប្រសាសន៍ថា «ចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសកម្ពុជា ជាមិត្តដែកថែប។សន្យានាំចូលកសិផលកម្ពុជាថែមទៀត ដែលមានគុណភាព តាមសំណើរបស់កម្ពុជា។ ចិន នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

ជាងនេះទៅទៀត លោក វ៉ាង យី ក៏បានកោតសរសើរ សម្ដេចតេជោ ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ។

ជាកាឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កម្ពុជា-ចិន បានទទួលជោគជ័យរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោក ហោ ណាំហុង ក៏បានស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។

លោកបន្ថែមថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយពីកម្ពុជា ដែលបានចុះអនុស្សារណរួចហើយ និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។

ឆ្លៀតឱកាសនេះដែរ លោក ហោ ណាំហុង បានលើកឡើងថា កន្លងមកមិត្តចិនបានទិញ កសិផលពីកម្ពុជា បានច្រើន មួយចំនួនហើយ ដូចជា ចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ។ លោកក៏បានស្នើមិត្តចិន ជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញៈ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន៕

ដោយ ៖ អេង ប៊ូឆេង

To Top