ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឲ្យអាជ្ញាធរ បន្ដទប់ស្កាត់កូវីដ -១៩ ក្នុងសហគមន៍ នាបុណ្យអុំទូកតាមភូមិ-ឃុំ និងវត្តអារាម

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវឲ្យ ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នាឱកាស ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាម ភូមិ-ឃុំ និងនៅទីវត្តអារាម។

ថ្វីត្បិតតែឆ្នាំ២០២០នេះ កម្ពុជាមិនមានប្រារព្ធ ព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញ អាចមានក្រុមប្រជាពលរដ្ឋខ្លះ រៀបចំការប្រណាំងទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗ របស់គាត់នៅតាមភូមិ-ឃុំ និងនៅតាមទីវត្តអារាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ យ៉ាងហ្មត់ចត់ ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធី ក្នុងការធានា មិនឲ្យមានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា កំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ ក៏នៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាកម្ពុជា មិនទាន់ចម្លងចូលក្នុងសហគមន៍ក៏ដោយ ក៏ហានិភ័យនៃការចម្លង វីរុសដ៏កាចសាហាវនេះនៅតែមាន ហើយការចម្លងអាចកើតមានឡើង គ្រប់ពេលវេលាគ្រប់កាលទេសៈ និងគ្រប់ទីកន្លែង។

លោកបញ្ជាក់ថា ដូច្នេះក្រសួងសុខាភិបាល ក្រើនរំលឹក និងអំពាវនាវសាជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍។

លោកបន្ដថា «នៅក្នុងឱកាសនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ មានរៀបចំពិធីអបអរសាទរ ព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្រសួងសូមណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវមានការជួបជុំគ្នា ក្នុងទ្រង់ទ្រាយធំឡើយ ហើយត្រូវចាត់ចែង រៀបចំការប្រណាំងទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទៅតាមភូមិ-ឃុំ វត្តអារ៉ាម (មិនត្រូវធ្វើនៅថ្នាក់ខេត្តឡើយ ដែលបង្កឱ្យមានការប្រមូលផ្តុំគ្នាច្រើនពេក)»។

លោកបន្ថែមថា ដូចនេះចំណុះទូកនីមួយៗ មិនឲ្យលើស ពី១០នាក់ និងមិនឲ្យលើសពី៦ទូក ក្នុងមួយពិធី ហើយមិនឲ្យលើសពី៦០នាក់ សម្រាប់អ្នកចូលទស្សនា ព្រមទាំងត្រូវមានគម្លាត សុវត្ថិភាពបុគ្គលយ៉ាងតិច ១ម៉ែត្រកន្លះ៕

To Top