ព័ត៌មានជាតិ

ក្រសួងសាធារណការ សហកាជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំគម្រោង ចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍។

ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម លើកទី២ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កិច្ចព្រមព្រៀងក្របខណ្ឌរវាង ក្រសួងសាធារណការ ជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយដែល នឹងត្រូវកែសម្រួលឡើងវិញ បន្ទាប់ពីទទួលបាន ធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណា ឲ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារ និងវិសាលភាព ឆ្លើយតបទៅនឹងកម្មវត្ថុ នៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ ដល់ជាតិមាតុភូមិ។

ដោយឡែកវឌ្ឍភាព នៃការរៀបចំគម្រោង ធ្វើឲ្យប្រសើរឡើង នូវចក្រទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប លោក ស៊ុន ចាន់ថុល បានបង្ហាញថា ច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឲ្យដំណើរការ បណ្ដោះអាសន្ន ផងដែរ។

លោកបញ្ជាក់ថា «ក្រសួងបានសហការ ជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឲ្យរំខាន ដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ ក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍមជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ ធ្វើឡើងស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌល ភ័ស្តុភារកម្មក្នុងតំបន់ បម្រើឲ្យការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្ម ក្នុងលើសកម្ពស់ការប្រកួតប្រជែង លើវិស័យដឹកជញ្ជូនជាមួយ ប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ផងដែរ។

ដោយឡែកទាក់ទងនឹងគម្រោង ធ្វើឲ្យប្រសើរឡើង ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គម្រោងបន្ទាន់ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត និងឲ្យបានទាន់ពេលវេលា។ ចំណែកឯ គម្រោងសម្រាប់រយៈពេលខ្លី និងមធ្យម លោក បានផ្ដល់គោលការណ៍សិក្សា ឲ្យកាន់តែលម្អិត បន្ថែមទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×