ព័ត៌មានជាតិ

សមាគមស្បែកជើងកម្ពុជា រួមចំណែកឧបត្ថម្ភគាំទ្រ ជួយដល់កងទ័ពជើងគោក ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង កម្ពុជា នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០បានដឹកនាំ អនុប្រធាន និងគណៈកម្មការសមាគម ជួបសម្ដែងការគួរសមជាមួយនឹងលោក ហ៊ុន ម៉ាណែត និងបាននាំយកអំណោយ របស់សមាគមរួមមាន មីចំនួន២១៦៦ កេស ទឹកបរិសុទ្ធចំនួន៦០០កេស និងស្បែកជើងចំនួន ២០០កេស ជូនដល់កងទ័ពជើងគោក ដើម្បីចូលរួមចំណែក ជួយដល់កងទ័ពជើងគោក ក្នុងយុទ្ធនាការដោះស្រាយ ការងារជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដែលកំពុងរងគ្រោះដោយទឹកជំនន់។

លោកប្រធានសមាគម បានលើកឡើងថា ដោយមើលឃើញយុទ្ធនាការ ជួយជនរងគ្រោះ ដោយសារទឹកជំនន់រហ័សទាន់ពេលវេលា ក្រោមការដឹកនាំ របស់មេបញ្ជាការកងទ័ពជើងគោក សមាគមព្រមទាំងអ្នកវិនិយោគ នៅក្នុងប្រទេសកម្ពុជា បានចូលរួមចំណែកឧបត្ថម្ភគាំទ្រ ចំពោះកងទ័ពដើម្បីជួយសង្គ្រោះប្រជាជន ឲ្យបានទាន់ពេលវេលា។

លោកបន្តថា នេះគឺជាទឹកចិត្ត និងការថ្លែងអំណរគុណរបស់សមាគមស្បែកជើងកម្ពុជា ចំពោះកងទ័ព ដែលតែងតែឃើញកងទ័ព នៅជួរមុខជានិច្ច និងតែងតែចុះជួយសង្គ្រោះប្រជាពលរដ្ឋ រាល់ពេល ដែលមានគ្រោះមហន្តរាយផ្សេងៗ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុត ចំពោះឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងគណៈកម្មការទាំងអស់ ដែលបានចូលរួមឧបត្ថម្ភអំណោយ ជួយដល់កងទ័ព ដើម្បីសង្គ្រោះប្រជាជន នៅក្នុងគ្រាដ៏លំបាកនេះ៕

To Top