ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ផ្ដល់អំណោយសម្ដេច ហ៊ុន សែន ដល់ប្រជាពលរដ្ឋក្រីក្រ ២០០ គ្រួសារនៅស្រុកកងមាស

កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមជាមួយនឹង ប្រធានក្រុមការងារយុវជន លោក ណុប រ័ត្ននិមលនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បានរៀបចំពិធីចែកអំណោយ សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រ២០០គ្រួសារ នៅក្នុងបរិវេណវត្តកែវមុន្នី ហៅវត្តថ្មី ស្ថិតក្នុងភូមិអង្គរបានទី៨  ឃុំអង្គរបាន ស្រុកកងមាស ។ 

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ស្រុកកងមាស ថ្វីដ្បិតតែមិនបានរងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ប៉ុន្តែអាជ្ញាធរខេត្តបានត្រៀមលក្ខណៈទុកជាមុនដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងកិច្ចការផ្សេងៗទៀត ជាពិសេសដូចជាការជួបជុំគ្នាជាមួយបងប្អូននាពេលនេះ គឺអាជ្ញាធរមូលដ្ឋានយើងបានប្រមូលបងប្អូនដែលជាគោលដៅងាយរងគ្រោះ មុនគេដើម្បីដោះស្រាយផ្ដល់ជូននូវការឧបត្ថម្ភយកទៅផ្គត់ផ្គង់ជីវភាពក្នុងរយៈពេលខ្លី ។ 

លោកអភិបាលខេត្តបានបញ្ជាក់ថា ការផ្ដល់ជូននេះគឺជាការខិតខំ និងការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល បន្ថែមពីលើអ្វីដែលក្រុមការងារចុះជួយស្រុកកងមាស រួមជាមួយនឹងអាជ្ញាធរនៅទីនេះ បានផ្ដល់ជូន ក្នុងគោលបំណងលើកកម្ពស់ជីវភាពដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យមានភាពប្រសើរឡើងជាងមុន ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ការផ្ដល់ជូននេះផងដែរ គឺស្ដែងចេញពីការគោរពស្រឡាញ់ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្រោមដំបូលឆ័ត្រនៃរដ្ឋធម្មនុញ្ញតែមួយ ក្នុងនាមខ្មែរតែមួយ ពោលគឺជួយដោះស្រាយបញ្ហានៅពេលដែលបងប្អូនជួបការលំបាក ដោយមិនរត់ចោលគ្នាឡើយ ។ 

សូមបញ្ជាក់ថា អំណោយសម្ដេចតេជោហ៊ុន សែន តាមរយៈ ប្រធានក្រុមការងារយុវជន និងអាជ្ញាធរខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋទាំង២០០ គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្គរមួយបាវ ត្រីខ១យួរ មី១កេស និងថវិកាចំនួន ៤០.០០០រៀលផងដែរ ។

To Top