ព័ត៌មានជាតិ

កម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ ទទួលបានការលើកទឹកចិត្ត ពីមេបញ្ជាការ ក្រោយបំពេញបេសកកម្ម សង្គ្រោះពលរដ្ឋ (Video)

ភ្នំពេញ៖ បន្ទាប់ពីបានបំពេញបេសកកម្ម អស់ជាងកន្លះខែ នៅតំបន់រងគ្រោះ ដោយទឹកជំនន់រួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដកចូលគោលដៅជាបណ្តើរៗ ដើម្បីបានសម្រាកពីការនឿយហត់ ក្នុងរយៈកាលកន្លងមក និងទុកតែកម្លាំងខ្លះប្រចាំការនៅទីបញ្ជាការស្រាល ដើម្បីក្តាប់ស្ថានភាពប៉ុណ្ណោះ។

ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្ត ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចុះបំពេញបេសកកម្ម ជួយសង្គ្រោះ និងបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យកងកម្លាំង ត្រៀមបំពេញបេសកកម្មដទៃៗ ក្រោយៗទៀត។ 

ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងថ្លែងអំណរគុណ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងទៅកាន់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារ មកប្តេជ្ញាជួយសង្គ្រោះ និងបម្រើពលរដ្ឋ រងគ្រោះព្រោះទឹកជំនន់ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យគ្រប់ជំហាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា បើទោះបីជាទឹកជំនន់បានស្រកចុះ ហើយភារកិច្ច បានធូរស្រាលខ្លះ ក៏ពិតមែន តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ គឺត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចដ៏ទៃទៀតជាច្រើន ពិសេសនៅចំពោះមុខនេះ កម្លាំងទាំងអស់ត្រូវចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលដើរកំសាន្ត នៅតាមកន្លែងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ ហើយលោកឧត្តមសេនីយ៍ឯក បានសន្យាថា នៅពេលណាដែល ចប់ពិធីបុណ្យអុំទូកនេះ លោកនឹងអនុញ្ញាតឲ្យកងកម្លាំងបានផ្លាស់ប្តូរវេនគ្នាឈប់សម្រាកទៅជួបជុំគ្រួសារមួយរយៈខ្លី ហើយថ្ងៃនេះ លោកសូមផ្តល់ជូនកងកម្លាំងនូវអំណោយបន្តិចបន្តួចរួមាន មី២កេស, ទឹកក្រូច១កេស និង ថវិកា ១០ម៉ឺនរៀល សម្រាប់កម្លាំងម្នាក់ៗ ដើម្បីជាលើកទឹកចិត្ត និងសម្រាប់ជាកាដូ ផ្ញើទៅកាន់ក្រុមគ្រួសារ ទុកជាការចូលរួមអបអរសាទរ ពិធីបុណ្យអុំទូក បើទោះបីកងកម្លាំង មិនបានឈប់សម្រាកក៏ដោយ៕

https://www.facebook.com/dapnewsfb/videos/1491890861201002

To Top