ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី៧ ក្រសួងរកឃើញអ្នកពាក់ព័ន្ធ ជាមួយរដ្ឋមន្រ្តីការបរទេស ហុងគ្រី ជិត៩០០នាក់ ក្នុងនោះមានអ្នកឆ្លងកូវីដ១៩ ម្នាក់ជាអង្គរក្សផ្ទាល់

ភ្នំពេញ៖  ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានរកឃើញអ្នកប៉ះពាល់ជាមួយ រដ្ឋមន្រ្តីការបរទេសហុងគ្រី សរុបចំនួន៨៩២នាក់  នៅក្នុងនោះ មានអ្នកឆ្លងជំងឺកូវីដ១៩ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ ជូនគណៈប្រតិភូហុងគ្រី។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិខ្មែរ អាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយសារគាត់មានរោគសញ្ញាគួរឱ្យសង្ស័យ ដូចជាមានរមាស់បំពង់ក និងក្អក វត្ថុសំណាករបស់គាត់ត្រូវបានយកជាលើកទី២ ហើយលទ្ធផលដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបន្តថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និងវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ (ដែលជាការធ្វើតេស្តលើកទី២ ជាអង្គរក្សការពារផ្ទាល់)។ 

ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាប ជូនខាងលើនេះ) មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី២។

សូមបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៩៥នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៥នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយ សរុប ២៨៨នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន០៧នាក់ (គ្មានអ្នកស្លាប់)៕

To Top