ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម បូមទឹកស្តុក ទុកឱ្យប្រជាពលរដ្ឋ ធ្វើស្រែប្រាំង

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម  លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ ភូមិសាស្រ្តទំនប់ទឹកបឹងកក់ និងបូមទឹក ទុកឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង ស្ថិតនៅក្នុងភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។ 

តាមប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា រៀងរាល់ឆ្នាំប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំកងតាណឹង និងឃុំស្ដៅ ស្ថិតនៅក្នុងស្រុកកងមាសនេះ បានអាស្រ័យកន្លែងស្តុកទឹកទំនប់បឹងកក់នោះ ដើម្បីបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ ។ ប៉ុន្តែក្នុងឆ្នាំ ២០២០ នេះ ដោយសារកម្ពស់ជំនន់ទឹកទន្លេមេគង្គទាប ធ្វើអោយទឹកមិនអាចហូរចូលស្តុកទឹកបាន ហើយបែរជាមានជំនន់ទឹកភ្លៀង លិចនៅតាមដីស្រែទៅវិញ ដែលធ្វើឲ្យពួកគាត់មិនអាចដាំស្រូវប្រាំងបានផងដែរ។ 

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅពេលដែលអាជ្ញាធរខេត្ត ធ្វើការបូមទឹកចេញពីតំបន់ស្រែនោះ ពួកគាត់នឹងអាចដាំស្រូវប្រាំងបាន ។ ចំណែកឯទឹកដែលបានបូស្តុកទុកផងដែរ ពួកគាត់អាចប្រើប្រាស់ទឹកទាំងនោះដើម្បីស្រោចដំណាំស្រូវរបស់គាត់នៅពេលត្រូវការ។ 

បើតាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អ៊ុម វិបុល បានប្រាប់ឲ្យដឹងថា នៅទំនប់បឹងកក់ មន្ត្រីជំនាញរបស់លោកបានប្រើប្រាស់ម៉ាស៊ីនកម្លាំង ៦៥សេសចំនួន ២គ្រឿងដើម្បីបូមទឹក គឺបូមរហូតដល់ស្រកអស់ទើបឈប់។ 

លោក អ៊ុម វិបុល បានបញ្ជាក់ផងដែរថា ម៉ាស៊ីនទាំង ២ គ្រឿងនេះ អាចមានកម្លាំងបូមទឹកបាន ប្រហែល ១៣០.០០០ ម៉ែត្រគូប ក្នុងរយៈពេល ១៤៤ ម៉ោងកន្លងមកនោះ។

To Top