ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវ ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ គ្រឿងញៀន-គ្រោះថ្នាក់ ចរាចរណ៍ និងកូវីដ-១៩

ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះបញ្ហា  គ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងជំងឺកូវីដ-១៩។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោជូនដល់ប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ការពារកុំឲ្យមានការធ្វេសប្រហេសឲ្យសោះ ពាក់ព័ន្ធទៅនឹងបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចបន្ដថា មកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ជិត៣០០នាក់ហើយ ក៏ប៉ុន្តែពុំមាននរ ណាម្នាក់ស្លាប់នោះទេ ដោយភាគច្រើនសុទ្ធសឹងតែអ្នកជំងឺនាំមកពីក្រៅប្រទេស ហើយបានព្យាបាល ជាសះស្បើយជាបន្តបន្ទាប់ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋត្រូវតែការពារ កុំទ្វេសប្រហែស ដោយត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះប្រសិនបើកាលណាកើតមានជំងឺ នេះហើយ នឹងមានការឆ្លងរាលដាលជាបន្តបន្ទាប់។

ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនវិញ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា កាលពីមុនបញ្ហា គ្រឿងញៀននេះ កើតមានភាគច្រើនតែនៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នវាបានរីករាលដាល ដល់តាមតំបន់ជនបទមួយចំនួន ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ សមត្ថកិច្ចបង្រ្កាបបានគ្រឿងញៀន ជិត២តោន។

ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន សម្ដេច ស ខេង បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ ទាំងឡាយឲ្យជៀសឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញអនាគត់របស់ពួកគេ ។សម្តេចបញ្ជាក់ថា ចំពោះ ការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមខ្ពស់ពីក្រុមគ្រួសារ ក្នុងការគ្រប់គ្រង និងអប់រំសមាជិកគ្រួសាររបស់ខ្លួន ដោយមិនត្រូវពឹងផ្អែកតែលើនគរបាល និងសមត្ថកិច្ចនោះឡើយ។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើង ពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយបញ្ហា នេះបានបណ្តាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ច្រើនជាងសង្គ្រាមទៅទៀត ដូច្នេះប្រជាពលរដ្ឋមិនត្រូវ មើលស្រាលនោះទេចំពោះបញ្ហានេះ ជាពិសេស អ្នកបើកគោយន្តដែលមានហានិភ័យខ្ពស់ ព្រោះតែចង្កូតមានលក្ខណៈវែង ពិបាកក្នុងការគ្រប់គ្រង និងបើកបរ ដូច្នេះប្រជាពលរដ្ឋទាំងអស់ បន្ដគោរពច្បាប់ចរាចរណ៍៕

To Top