ព័ត៌មានជាតិ

ជំទាវធំទី ៤៦ សហរដ្ឋអាមេរិក ចង់លើកដម្កើងវិស័យអប់រំ ឲ្យបានល្អជាងមុន

ភ្នំពេញ ៖ លោកស្រី Jill Tracy Jacob ដែលជាភរិយា របស់បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden ចង់លើកដម្កើងវិស័យអប់រំ នៅអាមេរិក ឲ្យបានល្អជាងមុន ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

បើតាមហ្វេសប៊ុក លោករដ្ឋមន្រ្តីព័ត៌មានដដែល អ្វីដែលខុសប្លែកពីជំទាវមុនៗ គឺនៅពេលដែលប្តីលោកស្រី ក្លាយជាអនុប្រធានាធិបតី អស់រយៈពេល ៨ ឆ្នាំ ក្នុងសម័យលោក អូបាម៉ា លោកស្រីមិនបានបោះបង់ការងារ បង្រៀនរបស់លោកស្រីឡើយ ។

លោកថា “នៅពេលដែលគេសួរ លោកស្រីពីបំណងទី ១ របស់លោកស្រី នៅពេលក្លាយជាជំទាវទី ១ នៃសហរដ្ឋ អាមេរិក លោកស្រីបានប្រាប់ថា លោកស្រីចង់លើកដម្កើង វិស័យអប់រំនៅអាមេរិក អោយបានល្អជាងមុន” ។

លោក ខៀវ កាញារីទ្ធ រៀបរាប់ពីប្រវត្តិរូបលោកស្រី Jill Tracy Jacobថា លោកស្រីមានឪពុកជាជនជាតិអ៊ីតាលី ដែលមានត្រកូល Giacoppa តែក្រោយមកបានដូរ ឲ្យមានសំនៀងអង់គ្លេស ជា Jacob និង ម្តាយជាអ្នកបម្រើរបស់ លោក Giacoppa សញ្ជាតិអង់គ្លេស ។

លោកស្រីកើតនៅឆ្នាំ ១៩៥១ នៅ New Jersey តែបានទៅរស់នៅក្នុងរដ្ឋ Pennsylvania វិញ ។ លោកស្រីបាន រៀបការជាលើកទី ១ នៅឆ្នាំ ១៩៧០ ហើយបានលែងគ្នា ៤ ឆ្នាំក្រោយ ។

លោកស្រីបានជួបលោក Joe Biden នៅឆ្នាំ ១៩៧៥ ក្នុងពេលដែលលោកស្រីរៀន បញ្ចប់ថ្នាក់សាស្ត្រាចារ្យ ( លោកស្រីជាគ្រូបង្រៀន ភាសាអង់គ្លេស ) ហើយ អ្នកទាំង ២ បានរៀបការជាមួយគ្នា នៅឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៨១ បានមានកូនស្រីមួយ ៕

To Top