ព័ត៌មានជាតិ

លោកស្រី កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នការពារ ជំងឺឆ្លងកូវីដ១៩

កំពង់ចាម ៖ លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ការពាររួចផុតពីជំងឺឆ្លងកូវីដ ១៩ ។

ការថ្លែងក្រើនរំលឹកបែបនេះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈពេលដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីប្រតិភូ ពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ខ្លួនឯងក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលមកដល់ក្នុងគ្រួសារ និងក្នុងសហគមន៍ ។

លោកស្រីបានមានប្រសាសន៍បន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស គឺជារមណីយដ្ឋានបែបវប្បធម៌ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត ៤០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

លោកស្រីកិត្តិសង្គហ បណ្ឌិត បានមានប្រសាសន៍បន្តថា ទីអារាម ដែលជាទីកន្លែងរមណីយដ្ឋានបែបវប្បធម៌ផងនេះ ពិតណាស់ត្រូវការកសាងសម្បិត្តិផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គ នៅក្នុងព្រះវិហារនេះ និងសមិទ្ធផលជាច្រើនទៀត បានរួចរាល់ជាស្ថាពរ ហើយ ដែលសមិទ្ធិផលទាំងនេះគឺ ជាការផ្ដួចផ្ដើមកសាងឡើង ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានសមិទ្ធផលជាច្រើនទៀត ដែលកំពុងដំណើរការសាងសង់ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងឡាយនេះនៅពេលសាងសង់រួចជាស្ថាពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមករៀបចំពុទ្ធាភិសេក នៅទីអារាមនេះ ៕

To Top