ព័ត៌មានជាតិ

ក្រុមប្រឹក្សា ខេត្តកំពង់ចាម បើកវេទិកាផ្សព្ទផ្សាយ និងពីគ្រោះយោបល់ នៅស្រុកជើងព្រៃ

កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកវេទិកាផ្សព្ទផ្សាយ និងពីគ្រោះយោបល់លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ ដែលមានវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងខាងសង្គមស៊ីវិល សរុបសមាសភាពចូលរួម ជាង ១០០ នាក់ ។

ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម លោកខ្លូត ផន បានថ្លែងថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច និងប្តេជ្ញាចិត្ត ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណៈស៊ីជម្រៅ យូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងផ្ទាល់ របស់ប្រជាពលរដ្ឋ ។
ការដាក់ចេញនូវគោល នយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៩៣ មានគោលបំណងសំខាន់ គឺការកែលម្អប្រព័ន្ធអភិបាលកិច្ច នៅតាមរដ្ឋបាលនានា ដើម្បីជម្រុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន ការជម្រុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន ការរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា ។

លោក ខ្លូត ផន បានថ្លែងបន្តថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួមរបសប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងកិច្ចដំណើរការ អភិបាលកិច្ច របស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ នាថ្ងៃនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់និងសហគមន៍ប្រជាពលរដ្ឋប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងវេទិកាពិគ្រោះយោបល់នោះ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ មានចំនួន ១២ចំណុច ក្នុងនោះ ចំណុចមួយចំនួនត្រូវបានដោះស្រាយភ្លាមៗ រីឯបញ្ហាមួយចំនួនទៀត គណៈអភិបាលខេត្តកំពង់ចាម ត្រូវលើកយកទៅពីគ្រោះយោបល់សិន ដើម្បីដោះស្រាយនៅពេលក្រោយ ។

យ៉ាងណាក៏ដោយ ឆ្លងកាត់ការបើកវេទិកាផ្សព្ទផ្សាយ និងពីគ្រោះយោបល់លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០នេះ គេសង្កេតឃើញថា មិនមានប្រជាពលរដ្ឋ លើកឡើងពីការលំបាក អំពីការបំរើសេវារបស់មន្ត្រី អាជ្ញាធរនោះទេ និងបញ្ហាមានតិចតួចបំផុត ចំណុចនេះសបញ្ជាក់ឲ្យឃើញថា មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបម្រើសេវាយ៉ាងល្អ ជូនប្រជាពលរដ្ឋ ៕

To Top