ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសេដ្ឋកិច្ច ប្រាប់ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ថា កម្ពុជា​ ប្រកាន់ខ្ជាប់គោលការណ៍ ឯករាជ្យ ដាច់ខាតមិនឱ្យមាន វត្តមានមូលដ្ឋានយោធា បរទេសឡើយ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់​ទៅកាន់​ទីប្រឹក្សាសន្តិ សុខជាតិអាមេរិក ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែង ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅកម្ពុជា។ 

ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ ធ្វើឡើងតាមប្រពន្ធ័វីដេអូ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២ ០ លោក រ៉ូបឺត អូប្រាយអិន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសម្តែងការព្រួយបារម្ភថា អាមេរិកក៏ មានការព្រួយបារម្ភអំពីផែនការរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសំរាប់កងទ័ពជើងទឹកបរទេស និងបុគ្គ លិករបស់គេ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម នៅឈូងសមុទ្រថៃ។ វត្តមានកងទ័ពជើងទឹកបរទេស នៅកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិ ភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។

ឆ្លៀតឱកាសនោះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលគ្មានមូលដ្ឋានរបស់ អាមេរិក ថា «ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជាមានផែនការ ឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការ ចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឲ្យអន្តរាយ ដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់»។

លោកបន្ដថា «ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ហើយ នាយករដ្ឋមន្រ្តីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខ ក៏នឹងពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា  រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែង ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា»។

លោកបន្ថែមថា ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មានបូរណភាពទឹកដីពេញ លេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមានសិទ្ធិស្មើគ្នា ដូចប្រជាជាតិដទៃទៀត ក្នុង តំបន់ក៏ដូចជា នៅជុំវិញពិភពលោក  ប្រទេសកម្ពុជាមានសិទ្ធិពេញលេញ និងមិនអាចកាន់ផ្តាច់បាន ក្នុង ការកែលម្អមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវា ចរណ៍របស់ខ្លួន ដើម្បីបំពេញ សេចកី្តត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។

បន្ថែមពីនេះទៀត លោក អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ថា ដោយហេតុផលនេះហើយ  ដែលមជ្ឈមណ្ឌល សមុទ្ររបស់កម្ពុជា នៅឯមូលដ្ឋានទ័ពជើងទឹករាមត្រូវបានផ្លាស់ទៅទីតាំងថ្មី ប៉ុន្តែក៏នៅតែស្ថិតក្នុងតំបន់ គម្រោងជាមួយគ្នា។ ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថា មជ្ឈមណ្ឌលនេះ ត្រូវបិទចោល នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្ប ទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋ    អាមេរិក  អូស្រ្តាលី  កូរ៉េខាងត្បូង  ជប៉ុន  ចិន និងប្រទេសដទៃទៀត  ដរាបណាជំនួយនេះ មិនរារាំង យើងក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន»៕

ដោយ ៖ អេង ប៊ូឆេង

To Top