ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលជាស្រូវពូជ សម្ដេច ហ៊ុន សែន ផ្តល់ជូន

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នៃអង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ដែលពួកគាត់បានទទួលអំណោយស្រូវពូជ ពីសម្ដេចហ៊ុន សែន ចែកជូនតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

បើតាមអភិបាលស្រុកព្រៃឈរ លោក ឡោ ចាន់លី បានអោយដឹងថា នៅពេលមានជំនន់ទឹកភ្លៀងប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ មាន២ឃុំ ដែលរងផលប៉ះពាល់ គឺឃុំតុងរ៉ុង និងឃុំល្វា ។

លោកអភិបាលស្រុកបន្តថា នៅក្នុងឃុំល្វាប៉ះពាល់ប្រជាពលរដ្ឋ ១៦៧ គ្រួសារ នៅលើផ្ទៃដី ៨៦ ហិកតា ចំណែកឯឃុំតុងរ៉ុង ប៉ះពាល់ប្រជាពលរដ្ឋ ១៣២ គ្រួសារ លើផ្ទៃដី ៦៨ ហិកតា ។ ដូច្នេះប្រជាពលរដ្ឋដែល រងគ្រោះទាំងពីរឃុំស្មើនឹង ២៩៩ គ្រួសារនោះ បានទទួលស្រូវពូជ ដែលជាអំណោយរបស់សម្ដេច ហ៊ុន សែន ផ្ដល់ជូនតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាពេលកន្លងទៅនេះ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ស្រូវពូជ ដែលបានចែកជូនទាំងនោះផងដែរ បងប្អូនប្រជាពលរដ្ឋ បានធ្វើការសាបព្រួស ដាំដុះរហូតមកដល់បច្ចុប្បន្ននេះ ។ លោកថា តាមការពិនិត្យរបស់អាជ្ញាធរ ឃើញថាគ្រាប់ពូជស្រូវនោះ ប្រជាពលរដ្ឋដាំដុះបានល្អរហូតដល់ទៅកម្រិត ៩៥ ភាគរយ ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋ ដែលជាម្ចាស់ដំណាំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្តកំពង់ចាម ដែលបានផ្ដល់ជូននូវពូជស្រូវដ៏ល្អទាំងនោះ ដល់ពួកគាត់ធ្វើការដាំដុះនាពេលនេះផងដែរ។

ដោយឡែកនៅឯស្រុកបាធាយ បើតាមលោកផេន សុផល អភិបាលស្រុកបាធាយ បានប្រាប់ឲ្យដឹងផងដែរថា ប្រជាពលរដ្ឋដែលបានទទួលស្រូវពូជ ចាប់តាំងទីពេលពួកគាត់បានទទួល ពួកគាត់បានធ្វើការពង្រួសដាំដុះ ស្រូវពូជទាំងនោះជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន លើផ្ទៃដីប្រមាណជាជាង ១០០ ហិកតា ។

To Top