ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ឧបត្ថម្ភប្រជាពលរដ្ឋ៣៤គ្រួសារ ប៉ះពាល់«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»កំពុងធ្វើចត្តាឡីស័កតាមផ្ទះ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអោយដឹងថា គិតត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ចំនួន ៣៤គ្រួសារ កំពុងធ្វើចត្តាឡីស័កតាមផ្ទះ ។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា រដ្ឋបាលខេត្តកំពង់ចាម បានទទួលថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៥០,០០០,០០០រៀល(ហាសិបលានរៀលគាត់) សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងបានធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ដោយអនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតតេជោ ហ៊ុន សែន កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បានចាត់ឲ្យមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត មន្ទីរផែនការខេត្ត សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត មានចំនួន ៥៦៩នាក់ ស្រី៣២២នាក់ ក្នុងនោះប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ៣៤គ្រួសារ ក្នុងនោះ៖ ស្រុកចំការលើចំនួន ៣១គ្រួសារ និងក្រុងកំពង់ចាម ចំនួន០៣គ្រួសារ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានចាត់តាំងអភិបាលរងខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន នាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយគិតត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានឧបត្ថម្ភ បានចំនួន ៣៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៣០០.០០០រៀល សរុបថវិកាចំនួន១០.២០០.០០០រៀល បន្ថែមពីនេះ រដ្ឋបាលខេត្តបានឧបត្ថម្ភក្នុងមួយគ្រួសារ៖ អង្ករ ២៥គីឡូក្រាម មី ០១កេស, ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងម៉ាសចំនួន១៥ម៉ាសផងដែរ។

To Top