ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ បានសង្ឃឹមទុកជាមុនថា ប្រទេសចិនដែលជាមហាអំណាច ក្នុងពិភពលោកហើយជាប្រទេសផលិត វ៉ាក់សាំងការពារជំងឺកូវី១៩ បានច្រើនប្រភេទដែលនោះ សម្រាប់ការពារជំងឺកូវីដ នឹងសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងឡើង សម្រាប់ដល់ប្រទេសបញ្ជាទិញ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក អ៊ូ វីរៈ បានថ្លែងថា “ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនវ៉ាក់សាំងចិន នឹងព្យាយាមសហការជាមួយ WHO ដើម្បីផ្តល់ទំនុកចិត្ត” ។
លោកថា នៅពេល WHO ផ្តល់ទំនុកចិត្តដល់អ្នកទិញហើយ នឹងមានការដណ្តើមគ្នាទិញយក ទៅប្រើប្រាស់ជាមិនខាន ពីបណ្តាប្រទេសនានា ក្នុងពិភពលោក ។
លោកបន្តថា ការទិញវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់របស់កម្ពុជាពេលនេះ ជាយុទ្ធសាស្រ្តដដ៏ត្រឹមត្រូវ។ បើតាមលោក អ៊ូ វីរៈដែលលោកបានស្រងចេញ ពីសារព័ត៌មានបរទេសគឺថា អ្នកជំនាញផ្នែកថ្នាំបង្ការរបស់ អង្គការសុខភាពពិភពលោក បាននិយាយថា ការវិភាគបណ្តោះអាសន្ននៃទិន្នន័យ ការសាកល្បងគ្លីនិកពីវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac បានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពល្អប្រឆាំងរោគសញ្ញាកូវីដ១៩ ។
សូមបញ្ជាក់ថា កម្ពុជាបានទទួលជំនួយឥតសំណង សម្រាប់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១៣០ម៉ឺនដូស ពីរដ្ឋាភិបាលចិន លើកទី១ចំនួន៦០ម៉ឺនដូស មកដល់កម្ពុជាកាលពីថ្ងៃ ៧កុម្ភៈ និងលើកទី២ចំនួន៧០ម៉ឺនដូស មកដល់កាលពីថ្ងៃ៣១ មីនា។
សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ចំណាយថវិកា១៥លានដុល្លារ បានមកដល់កម្ពុជានៅព្រឹកថ្ងៃ២៦ មីនា ។
គិតមកត្រឹមថ្ងៃ៧ មេសា ការចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន ៧៥៦ ៥២៦នាក់ ៕