ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ អគ្គនាយករង ប.ស.ស.ដោយមានការអនុញ្ញាត ពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារ បច្ចេកទេសរបស់ខ្លួន ជួបពិភាក្សាការងារ ដ៏សំខាន់មួយ ជាមួយតំណាង ក្រសួងកិច្ចការនារី លើការអនុវត្តផែនការ សកម្មភាពជាតិ ស្ដីពីការទប់ស្កាត់ អំពើហិង្សាលើស្រី្ដ (NAPVAW III) នៃកិច្ចសហប្រតិបត្តិការ អូស្ដ្រាលី-កម្ពុជា (ACCESS និងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងក្រសួងកិច្ចការនារី លើការអនុវត្ត របបសន្ដិសុខសង្គមកម្ពុជា ។

លោកវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ បានបញ្ជាក់ឱ្យដឹងថា ជំនួបពិភាក្សាខាងលើនេះ ផ្តោតសំខាន់ ទៅលើចំណុចធំៗ មួយចំនួនដូចជា៖
- កិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និង ក្រសួងកិច្ចការនារី លើការអនុវត្តរបបសន្តិសុខសង្គម នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ អូស្ដ្រាលី-កម្ពុជា (ACCESS)
- ការលើកកម្ពស់ វិស័យយេនឌ័រ សម្រាប់ការផ្ដល់ឱកាសការងារ ចំពោះស្រ្ដីជាអាទិភាព
- ផលប៉ះពាល់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ជាពិសេសបងប្អូន កម្មករនិយោជិតជាស្ត្រី អំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ-១៩ និងការបើកប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល
- កិច្ចដំណើរការ នៃការផ្សព្វផ្សាយ និងការបញ្ជា្របព័ត៌មាន នៃការអនុវត្ត របបសន្ដិសុខសង្គម ជូនដល់សមាជិក ប.ស.ស. អំឡុងពេល នៃការរីករាលដាល ជំងឺកូវីដ-១៩ ។
គួរឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្នុងរយៈពេញ មួយព្រឹក នៅសាលប្រជុំធំ នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.)៕





