ព័ត៌មានជាតិ

ឧបករណ៍ចាប់ក្លិន វីរុសកូវីដ-១៩ សម្រាប់ហ្វឹកហ្វឺនសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ មកដល់កម្ពុជាហើយ

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ឧបករណ៍ ចាប់ក្លិនវីរុសកូវីដ-១៩ សម្រាប់យកមកហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ ជាអំណោយក្រុមជំនាញខាងសុនខ ហិតក្លិន បានមកដល់កម្ពុជា ដោយសុវត្ថិភាព។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រគល់ភារកិច្ចជូនក្រសួង សុខាភិបាល និងអង្គភាព CMAC ឲ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ដោយមានក្រុមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញ សុនខសិក្សារួមគ្នា។

តាមរយៈបណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ លោក ហេង រតនា បានសរសេរថា «ឧបករណ៍ចាប់ក្លិនវីរុសកូវីដ១៩ សម្រាប់ហ្វឹកហ្វឺនសុនខ ហិតអ្នកផ្ទុកវីរុសកូវីដ-១៩ ដែលជាអំណោយ របស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជា ដោយសុវត្ថិភាព»។

លោក ក៏បានអរគុណ ក្រុមជំនាញសុនខ Getxent ដែលបានផ្តល់អំណោយនេះ សម្រាប់គាំទ្រក្រុមការងារ ស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកវីរុសកូវីដ-១៩នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើម និងអនុសាសន៍ ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែង រកគ្រប់បច្ចេកទេស និងលទ្ធភាព ដើម្បីការពារសុខភាព ប្រជាពលរដ្ឋកម្ពុជា រួចផុតពីជំងឺកូវីដ-១៩ ។

លោក ហេង រតនា បានបញ្ជាក់ថា កំលាំងជំនាញសុនខ CMAC និងសកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល រួមសហការគ្នា ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតអ្នកផ្ទុកវីរុសកូវីដ-១៩នេះ ។

ជាងនេះទៅទៀត អគ្គនាយក CMAC ក៏មានក្តីសង្ឃឹម គឺសុនខអាចបញ្ជាក់ ឲ្យដឹងពីវត្តមាន វីរុសក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុស មានល្បឿនលឿន និងជាមធ្យោបាយ ស្វែងរកអ្នកផ្ទុកវីរុស ក្នុងចំណោមនុស្សច្រើន ៕

To Top
×