ភ្នំពេញ៖ ក្រោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយ អាជ្ញាធរនឹងចាប់ផ្តើមអនុវត្ត ចាប់ពីម៉ោងសូន្យនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ។
លោក គឹម សន្តិភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសថា ចំពោះតំបន់ទាំង៣នេះ គឺជាវិធានការដែលត្រូវយកមក អនុវត្តសម្រាប់តំបន់នីមួយៗឲ្យមាន ប្រសិទ្ធភាពចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។

លោកថា ការអនុវត្តនេះ ក្រោយរដ្ឋបាលរាជធានី ភ្នំពេញបានកំណត់ពីភូមិសាស្ត្រ ក្នុងតំបន់បិទខ្ទប់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួច។
លោកបានស្នើឲ្យពលរដ្ឋថា រហូតដល់មុនម៉ោងសូន្យថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តនូវរាល់វិធានការ ដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម។

សូមកត់សំគាល់ «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមាន ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តមាន ការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង«តំបន់លឿង» សំដៅដល់ភូមិសាស្រ្តមាន ការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕
