ព័ត៌មានជាតិ

លោក វេង សាខុន នាំអំណោយសម្ដេច ហ៊ុន សែន ផ្តល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម ៖ លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកស្រី នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំអំណោយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្ដល់ជូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងយុទ្ធនាការនេះ ។

អំណោយរបស់សម្តេចតេជោ ដែលបានផ្ដល់ជូនគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម នាពេលនោះមានដូចជា អង្ករចំនួន ៥០តោន , ត្រីខ ២.០០០ យូរ , មីចំនួន ២.០០០ កេស និងម៉ាសចំនួន ៥០.០០០ ម៉ាសផងដែរ ។

ជាមួយគ្នានោះដែរ មានសប្បុរជនផ្សេងទៀត បាននាំអំណោយផ្ដល់ជូន គណៈកម្មការខេត្តដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានដូចជា ថវិកាសរុប ១១ លានរៀល ទឹកបរិសុទ្ធ ៥០០យូរ និងម៉ាសចំនួន ២កេសធំ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី បាននាំអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ព្រមទាំងសប្បុរសជនទាំងអស់ ដែលបាននាំអំណោយមកផ្តល់ជូននាពេលនេះ ក្នុងគោលបំណងចូលរួម ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ។

To Top