ព័ត៌មានជាតិ

អូស្ដ្រាលី កំពុងធ្វើផែនការលើកញ្ចប់ថវិកា ដើម្បីស្ដារសេដ្ឋកិច្ច កម្ពុជាឡើងវិញ ដែលប៉ះពាល់ពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កំពុងរៀបចំធ្វើផែនការលើកញ្ចប់ថវិកា ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាឡើងវិ ញ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា «បច្ចុប្បន្ន ស្ថានទូតអូស្រ្តាលី កំពុងធ្វើផែនការលើកញ្ចប់ថវិកាបន្ទាប់ នៃការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់អូស្រ្តាលី ដល់កម្ពុជា។ បំពេញបន្ថែមលើជំនួយសុខាភិបាលរបស់យើង ផែនការនេះមានគោលបំណងជួយគាំទ្រដល់ប្រទេសកម្ពុជា ស្តារសេដ្ឋកិច្ចឡើងវិញ ពីផលប៉ះពាល់បំផ្លិចបំផ្លាញពីជំងឺកូវីដ-១៩»។

ជាងនេះទៅទៀត ស្ថានទូតអូស្ដ្រាលី កំពុងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីប្រមូលគំនិតយោបល់ អំពីមធ្យោបាយដែលមានឥទ្ធិពលបំផុត ដែលអាចផ្តល់ការគាំទ្រនេះ ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំ ខាងមុខ។

ប្រភពដដែល បន្ដថា កាលពីសប្តាហ៍មុន ស្ថានទូត មានការប្រជុំតាមអ៊ីនធឺណេតជាមួយ លោក ឆែម រិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង មន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការលើ ការពង្រីកលទ្ធភាពទទួលបានទឹកស្អាត ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត នៅកម្ពុជា។

ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា ក៏បានលើកឡើងថា ទោះបីជាមានការលំបាកខ្លាំងដោយសារតែស្ថានភាពបច្ចុប្បន្ន និងការបិទខ្ទប់ក៏ដោយ ស្ថានទូត បានកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់សមភាគី ក្នុងការចូលរួមជាមួយ និង ធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរយៈពេលវែង របស់ប្រទេសកម្ពុជា៕

To Top